ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានរំលេចនូវសមិទ្ធផលធំៗ សំខាន់ៗ ចំនួន ៧ចំណុច ដែលលេចធ្លោរបស់កងកម្លាំងនគរបាលជាតិក្នុងឆ្នាំ២០២៣។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
៧ចំណុច ដែលលេចធ្លោរបស់កងកម្លាំងនគរបាលជាតិក្នុងឆ្នាំ២០២៣ ដែលនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ លើកឡើងរួមមាន៖
*១.អស់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស បានបន្តជ្រោងខ្ពស់ទង់សេ្នហាជាតិ សេ្នហាប្រជាជន តស៊ូពុះពារជំនះរាល់ឧបសគ្គ និងការប្រឈមជាច្រើន ដែលជះឥទ្ធិពលដោយសត្យានុម័ត និងអត្តនោម័ត ពីស្ថានភាពអវិជ្ជមានរបស់ពិភពលោក និងឧបាយកលដ៏ពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដោយបានប្រគៀកស្មាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ បំពេញភារកិច្ចយ៉ាងសកម្មតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្ដិភាព ឯករាជ្យ អធិបតេយ្យ ជាតិ បូរណភាពទឹកដី ស្ថិរភាពសន្ដិសុខនយោបាយ កិច្ចដំណើរការជាប្រក្រតីរបស់ស្ថាប័នរដ្ឋ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ស្នាដៃលេចធ្លោដែលត្រូវបានកត់សម្គាល់នោះគឺ ៖ ការបង្ការ ទប់ស្កាត់មិនឱ្យកើតមាននូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ការប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសជិតខាង និងការប៉ុនប៉ងញុះញុងបង្កកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយនោះបណ្តាគោលដៅ នយោបាយ ការទូត វប្បធម៌សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ព្រះរាជបេសក កម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជន គណៈប្រតិភូជាន់ខ្ពស់ជាតិ-អន្តរជាតិនិង ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗជាប្រវត្តិសាស្រ្ត ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ សុទ្ធតែត្រូវបានដំណើរការទៅប្រកបដោយ ជោគជ័យយ៉ាងត្រចះត្រចង់ និងសុវត្ថិភាពទាំងស្រុង ដែលប្រការនេះបានលើកស្ទួយនូវកិត្តិយស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺពេញសកលលោក ព្រមទាំងឆ្លុះបញ្ចាំងឲ្យឃើញផងដែរ នូវភាពម្ចាស់ការប្រកបដោយ ឋាមពលក្នុងការធានាស្ថិរភាពសន្តិសុខ សុវត្ថិភាពសង្គម និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
*២.ក្រោមការចង្អុលដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីសមត្ថកិច្ចជំនាញគ្រប់ថ្នាក់បានតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ សំដៅការពារជីវភាពរស់នៅសុខសាន្តរបស់ប្រជាជន តាមរយៈការដាក់ចេញនូវយុទ្ធនាការ ផែនការ និងវិធានការចាំបាច់ជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៣ បទល្មើសជារួមកើតឡើង៣.៥១១លើក កើន ៧៤១លើក ភាគច្រើនជាបទល្មើសមជ្ឈិម ប៉ុន្តែសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្រ្កាបទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩០% នៃបទល្មើសដែលបានកើតឡើង។ បានបង្កើនសកម្មភាពស្រាវជ្រាវស៊ើបអង្កេតប្រឆាំងបទល្មើសគ្រឿងញៀន យ៉ាងក្តៅគគុក ដោយបានរកឃើញ និងបង្ក្រាបចំនួន ៧.០៦២ករណី ឃាត់ខ្លួនជនល្មើសសរុប ១៧.៣៦៣នាក់ ក្នុងនោះមានជនបរទេស ៤៤១នាក់ រឹបអូសសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ៣តោន ២១៧គីឡូក្រាម សារធាតុគីមីផ្សំ ៨៤២គីឡូក្រាមកញ្ឆា ៣៣.៦៩៧ដើម ព្រមទាំង ចាប់យកនូវអាវុធ មធ្យោបាយ ឧបករណ៍ សម្ភារៈ និងវត្ថុតាង
ជាច្រើន កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ បានប្រមូលផ្តុំវិធានការជំនាញជំរុញការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ យ៉ាងសស្រាក់សស្រាំ ដោយបានកាត់ផ្តាច់បំបាត់ប្រសិទ្ធភាព ខ្សែបណ្តាញជួញដូរមនុស្សមិនឱ្យរីករាលដាល និងការពារជោគវាសនាប្រជាពលរដ្ឋឱ្យចាកផុតពីហានិភ័យនៃអំពើឧក្រិដ្ឋនេះតាមរយៈការស្រាវជ្រាវបង្ក្រាបបានចំនួន ១៥៧ករណី ឃាត់ជនល្មើសចំនួន ១៨៥នាក់ បញ្ជូនទៅតុលាការ និងជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរចំនួន ៤៩៥នាក់ កត់សម្គាល់ក្នុងនោះ មានការជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋខ្មែរដែលរងគ្រោះនៅឯបរទេសឲ្យវិលត្រលប់មកមាតុភូមិវិញ។ ទន្ទឹមនោះកងកម្លាំងនគរបាលនៅទូទាំងប្រទេស នៅបានយកចិត្តទុកដាក់ជាប្រចាំក្នុងការរក្សាការពារសន្តិសុខសហគមន៍ សំដៅធ្វើឱ្យសកម្មភាពជីវភាពសង្គមនៅមូលដ្ឋាន ប្រព្រឹត្តទៅដោយសុខសុវត្ថិភាព និងភាពកក់ក្តៅ ក្នុងនោះបានចាត់វិធានការម៉ឺងម៉ាត់បង្ក្រាបសកម្មភាពក្រុមក្មេងទំនើងចំនួន ១.៧៨៦លើកឃាត់ខ្លួនបញ្ជូនទៅតុលាការ ១.២១៨នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន ២.១០៥នាក់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ១.៧៨៦ករណី ឃាត់មនុស្សបញ្ជូនទៅតុលាការ ៧១០នាក់ អប់រំ ២.
៤៤៥នាក់ តាមរយៈវិធានការនេះយើងបញ្ជៀសបានមិនឲ្យកើតមាននូវក្រុមសង្គមងងឹតកាត់បន្ថយនូវ អំពើហិង្សាតាមទីសាធារណៈ អំពើហិង្សាក្នុងគ្រួសារ រួមចំណែកលើកស្ទួយជីវភាព និងសេចក្តីថ្លៃថ្នូររបស់សង្គម។
*៣. ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានចាត់តាំងអនុវត្តប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បី កាត់បន្ថយហានិភ័យដែលបណ្តាលមកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ និងគ្រោះថ្នាក់ដោយអាវុធយុទ្ធភណ្ឌមិនផ្ទុះ។ បើទោះបីគ្រោះថ្នាក់ចរាចរណ៍នេះមានកំណើន៣៤១លើកស្មើនឹង១១% ប៉ុន្តែចំនួនមនុស្សស្លាប់ថយចុះ១១៩នាក់ស្មើ ៧%ជាពិសេសនាដើមឆ្នាំ២០២៤នេះ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញផែនការត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ដោយបានកាត់បន្ថយបន្ថែមទៀតនូវហេតុការណ៍គ្រោះថ្នាក់ និងការរងគ្រោះដោយការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។ ចំពោះការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវបានពង្រឹង និងពង្រីកវិសាលភាពជាវិជ្ជមាន ដោយបានបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីលើកកម្ពស់ការ ប្រុងប្រយ័ត្ននិងការណែនាំ អំពីវិធានការ បង្ការ ទប់ស្កាត់ ពន្លត់អគ្គិភ័យបឋម ដែលបានអនុវត្តដូចភ្លៀងរលឹមនិងកាន់តែទូលំទូលាយនៅតាមគ្រប់មជ្ឈដ្ឋានសាធារណៈ និងនៅតាមសហគមន៍ ជាពិសេសការពង្រីកវិសាលភាពក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្តនៅមូលដ្ឋាន។ ដោយឡែក ការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវបានចាត់វិធានការគ្រប់គ្រងប្រកបដោយស្មារតីប្រុងប្រយ័ត្ន តាមរយៈការត្រួតពិនិត្យ និងចុះបញ្ជីគ្រប់គ្រងការផ្តល់ប័ណ្ណប្រើប្រាស់អាវុធការគ្រប់គ្រងត្រួតពិនិត្យ យ៉ាងហ្មត់ចត់នូវការដឹកជញ្ជូន ការស្តុកទុកការចែកចាយគ្រឿងផ្ទុះតាមបណ្តាគោលដៅសេវាកម្មវិស្វកម្មស៊ីវិល ស្របពេលដែលការងារផ្សព្វផ្សាយអប់រំនៅតែបន្តអនុវត្តយ៉ាងសកម្មនិងទូលំទូលាយ បញ្ជ្រៀបការយល់ដឹងជូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិសាស្រ្តងាយរងគ្រោះ សំដៅកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម។ ទន្ទឹមនោះប្រជាពលរដ្ឋបានប្រគល់អាវុធជូនសមត្ថកិច្ចចំនួន ១១៥ដើម ហើយសមត្ថកិច្ចក៏បានសហការប្រគល់នូវសំណល់ជាតិផ្ទុះពីសង្រ្គាម ជូនក្រុមប្រតិបត្តិការកំចាត់មីនចំនួន២០.៩៨៧គ្រាប់ ដើម្បីធ្វើការបំផ្លាញចោល។ ក្រៅពីនេះ ការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរណ៍បរទេស ត្រូវបានចាត់តាំងអនុវត្តប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ដែលក្នុងនោះនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភ័ណ្ឌជាតិ បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចការពារគោលដៅប្រាង្គប្រាសាទ និងតំបន់អភិរក្សនានា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីទេសចរណ៍ និងការថែរក្សានូវសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌជាតិ។
*៤.ការងារគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវបានបន្តយកចិត្តទុកដាក់ផ្តោតទៅគោលដៅដើម្បីកំណត់បានថាមនុស្សម្នាក់ត្រូវមានអត្តសញ្ញាណមួយតាមរយៈការខិតខំអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តជាច្រើន និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីជួយគាំទ្រដល់ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងសញ្ជាតិ និងការរៀបចំដាក់ឱ្យដំណើរការផ្តល់សេវាតាមប្រព័ន្ធអនឡាញដោយបង្កើនបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានសេវា និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
*៥.ចំពោះការងារអន្តោប្រវេសន៍ កន្លងមកនេះបានរួមចំណែកសំខាន់ក្នុងការរក្សាសន្តិសុខជាតិ និងសុវត្ថិភាពសង្គម ក៏ដូចជាការអនុវត្តគោលនយោបាយទេសចរណ៍ជាតិ តាមរយៈការបង្ការ ទប់ស្កាត់មុខសញ្ញាហាមឃាត់គ្រប់ប្រភេទមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងជនបរទេសដែលមានវត្តមានក្នុងផ្ទៃប្រទេសឱ្យធ្វើសកម្មភាពត្រឹមត្រូវស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ការស្រាវជ្រាវ ស៊ើបអង្កេតឃាត់ខ្លួនជនបរទេសប្រព្រឹត្តល្មើសដើម្បីបណ្តេញចេញពីប្រទេសការធ្វើសាមញ្ញកម្មបែបបទផ្តល់សេវា និងឥរិយាបទផ្តល់សេវារបស់មន្ត្រីនគរបាលប្រកបដោយភាពរួសរាយរាក់ទាក់។ ក្នុងឆ្នាំ២០២៣ មានជនបរទេសចំនួន ១.៩៣០នាក់ ៨៨សញ្ជាតិ ត្រូវបានបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាចំនួន ២.១៥៩នាក់ ត្រូវបានបណ្តេញចេញ ១៦៤នាក់ ត្រូវបានផាកពិន័យដោយគ្មានបណ្ណការងារ ជនបរទេសអន្តោប្រវេសន្ត ចំនួន ៣៤.៧៣៥នាក់ ត្រូវបានបន្តសុពលភាពបណ្ណស្នាក់អចិន្ត្រៃយ៍ឱ្យ និងបុគ្គលិកអង្គការមូលនីធិអាស៊ីជនជាតិអាហ្គានីស្ថានចំនួន ៣២គ្រួសារ ១៤៤នាក់ត្រូវបានអនុញ្ញាតឱ្យទៅតាំងលំនៅដ្ឋានថ្មីនៅប្រទេសទី៣។
*៦.
សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្តីពីការកែទម្រង់កងកម្លាំងប្រដាប់អាវុធ នាឆ្នាំកន្លងទៅនេះ យើងបានបន្តយកចិត្តទុកដាក់លើការងារកំណែទម្រង់កងកម្លាំងនគរបាលជាតិ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដោយបានលើកកម្ពស់មួយកម្រិតថែមទៀតនូវសមត្ថភាពជំនាញវិជ្ជាជីវៈ វិន័យ សីលធម៌ សេចក្តី ថ្លៃថ្នូររបស់កងកម្លាំងនគរបាល ជាពិសេសបានអនុវត្តដោយម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចមហាបវរធិបតី ក្នុងការសម្អាតចកចេញពីផ្ទៃបឹង ដើម្បីពង្រឹងគុណភាពកងកម្លាំងអនុវត្តច្បាប់ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ ក្នុងឆ្នាំ២០២៣ មានមន្រ្តី និងគ្រូនគរបាលជាតិសរុបចំនួន ៦.៩០៩នាក់ ត្រូវបានចាត់បញ្ជូនទៅធ្វើការបណ្តុះបណ្តាល និងបំពាក់បំប៉នឯកទេសជំនាញទាំងក្នុង និងក្រៅប្រទេសសរុប ៥៩វគ្គ។ កម្មវិធីសិក្សាបម្រើឲ្យការងារបណ្តុះបណ្តាលនគរបាលជាតិគ្រប់កម្រិត ត្រូវបានធ្វើបច្ចុប្បន្នភាពនិងទំនើបកម្ម។ ក្របខណ្ឌចំនួន ២.៤៥៣នាក់ ត្រូវបានផ្តល់ក្របខណ្ឌថ្មី និងអនុញ្ញាតឱ្យផ្ទេរចូលពីស្ថាប័នខាងក្រៅសម្រាប់បំពេញឲ្យក្របខណ្ឌចូលនិវត្តន៍បោះបង់ការងារ ល្មើសវិន័យលាឈប់ពលីមរណៈ។ ជាមួយនោះសមាសភាពគណៈកម្មាធិការកណ្តាលថ្មីចំនួន ២៥៤រូប ត្រូវបានជ្រើសតាំងដោយមហាសន្និបាតនៃសមាគមមិត្តនគរបាលជាតិដើម្បីពង្រឹងយន្តការគ្រប់គ្រង និងកិច្ចការពារផលប្រយោន៍ដល់សមាជិក សមាជិការបស់ខ្លួន។ ទោះបីជាយ៉ាងណាក្តី ក្នុងនាមជានគរបាលជាតិ យើងតែងចាត់ទុកការងារយេនឌ័រជាកិច្ចការសំខាន់មិនអាចមើលរំលងបាន គ្រប់ពេលជ្រើសរើសក្របខណ្ឌនគរបាល ពេលរៀបចំកម្មវិធីនានា និងពេលពិនិត្យស្នាដៃដើម្បីតម្លើងឋានៈ និងឋានន្តរស័ក្តិនគរបាលជាតិ គឺតែងបានគិតគូរដល់មន្ត្រីនគរបាលជានារី មិនតែប៉ុណ្ណោះនៅបានយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពជំនាញនគរបាលជាស្រ្តីក្នុងការអនុវត្តច្បាប់ ការបញ្ជ្រៀបការយល់ដឹងអំពីសមភាពយេនឌ័រក្នុងជួរកងកម្លាំង កិច្ចការពារស្ត្រីនិងកុមារ និងការលុបបំបាត់អំពើហិង្សា។នៅក្នុងវិស័យកីឡា កងកម្លាំងនគរបាលជាតិក៏បានរួមចំណែកយ៉ាងផុលផុសផងដែរ មកដល់ពេលនេះកីឡាករ កីឡាការិនីនគរបាលទាំងអស់បានបង្ហាញនូវឆន្ទៈមោះមុត ក្នុងការដណ្តើម យកនូវជ័យជំនះជាបន្តបន្ទាប់ នាំមកនូវកិត្យានុភាព ឧត្តមភាព និងកិត្តិយសជូនអង្គភាព ជូនក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល។ ក្នុងឆ្នាំ២០២៣ បានចាត់បញ្ជូនកីឡាករ កីឡាការិនីចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងព្រឹត្តិការណ៍កីឡាធំៗ នៅក្រៅប្រទេស សរុបចំនួន១៦លើក ដោយទទួលមេដាយសរុប ៦១២គ្រឿង ក្នុងនោះ មេដាយមាស ២០៦គ្រឿង ប្រាក់ ២១៦គ្រឿង និងមេដាយសំរឹទ្ធ ១៩០គ្រឿង។ដោយឡែក ការងារបច្ចេកទេសឌីជីថល និងផ្សព្វផ្សាយអប់រំត្រូវបានធ្វើការអភិវឌ្ឍតាមយុគ្គសម័យ បច្ចេកវិទ្យាទំនើបដោយបានកសាងនិងដាក់ឱ្យដំណើរការផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយៈពេល ០៥ឆ្នាំ(២០២៣- ២០២៨) របស់ក្រសួងមហាផ្ទៃ បង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រៀបចំឱ្យមានមន្ត្រីបង្គោលផ្នែកបច្ចេកវិទ្យាឌីជីថល នៅតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ បង្កើតនិងដាក់ឱ្យដំណើរការនូវកម្មវិធីព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (នៅលើទូរស័ព្ទចល័ត) និងបានរៀបចំសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារតាមរយៈថ្នាល verify.gov.kh។ ក្រៅពីនេះ បាននិងកំពុងអនុវត្តគម្រោងថ្នាលផ្លាស់ប្តូរទិន្នន័យ(Data Exchange Gateway)ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈនិងសន្តិសុខសង្គម តាមប្រព័ន្ធបច្ចេកវិទ្យា និងបានធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រហ្វេសប៊ុក អំពីព័ត៌មាន និងសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងបានរៀបចំតភ្ជាប់គ្រប់គ្រងដំណើរការបច្ចេកទេសសម្រាប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូសន្និសីទ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។
*៧. ឆ្នាំ២០២៣កន្លងទៅ គឺជាឆ្នាំចាប់ផ្តើមអនុវត្តដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ហើយ ក៏ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ តាមការវាយតម្លៃពីក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺទទួលបានលទ្ធផលល្អ ១០០% ទាំងផ្នែកសន្តិសុខសាធារណៈនិងផ្នែករដ្ឋបាលទូទៅ។ ក្រៅពីនោះបានជំរុញរៀបចំនីតិវិធីនៃការគ្រប់ គ្រង ទ្រព្យសម្បត្តិរដ្ឋត្រឹមត្រូវតាមច្បាប់ស្តីពីហិរញ្ញវត្ថុ ដោយកំណត់ រយៈពេល ០១ឆ្នាំម្តង និង០៥ឆ្នាំម្តង(ហៅថាឆ្នាំគោល) បានប្រមូលចំណូលបង់ចូលថវិកាជាតិកើនលើស៣៦,០៨% នៃផែនការប្រចាំឆ្នាំ២០២៣។ ទន្ទឹមនោះបានផ្គត់ផ្គង់ស្បៀងអាហារគ្រឿងឧបភោគបរិភោគប្រេងឥន្ទនៈ ឯកសណ្ឋាន សញ្ញាស័ក្តិបានទាន់ពេលវេលា ព្រមទាំងបានពិនិត្យសុខភាព និងព្យាបាលជំងឺជូនកងកម្លាំងនគរបាលជាតិសរុប ៩.
០០០នាក់។ បានបញ្ចប់ការសាងសង់ចំនួន០៦គម្រោង ក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ៦៣ខ្នង និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ០៩ខ្នង៕ដោយ៖តារា