ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍រួម បង្កើតភាពជាដៃគូយុទ្ធសាស្រ្ត។ ការបង្កើនកម្រិតទំនាក់ទំនងនេះ ធ្វើឡើងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម យួន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃជំនួបកំពូល ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ដែលមានជាអាទិ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចាប់តាំងពីបានភ្ជាប់ទំនាក់ទំនងការទូត ឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ។
ដោយមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះអនាគតនៃភាពជាដៃគូទ្វេភាគី ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានសម្រេចថានឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចខាងក្រោម។
*កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ និងការពារជាតិ
1. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពរក្សា និង បង្កើនសន្ទុះនៃកំណើនការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នានេះ តាមរយៈការបន្តសម្រប សម្រួលទស្សនកិច្ចជាន់ខ្ពស់ក្នុងវិស័យនានា ព្រមទាំងបានបញ្ជាក់អំពីសារសំខាន់នៃការទូតសភាសម្រាប់ការ គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
2. ភាគីទាំងពីរបានស្វាគមន៍លទ្ធផលប្រកបដោយជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ លើកទី៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ នេះជាទៀងទាត់ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។
3. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យការពារជាតិរវាងកម្ពុជា និង សាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ការពារជាតិ តាមរយៈសកម្មភាពនានា រួមទាំងការបង្កើតនិងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានានា ការ ផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ ការចូលរួមក្នុងវគ្គអប់រំ និងបណ្តុះបណ្តាល ការជំរុញកិច្ចសហប្រតិបត្តិ ការប្រឆាំងភេរវកម្ម និងការធ្វើលំហាត់ហ្វឹកហ្វឺន ជាដើម។ ភាគីកម្ពុជាបានស្វាគមន៍គម្រោងចូលចតជាលើក ដំបូងរបស់នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្នុងឆ្នាំនេះ។ ភាគីទាំងពីរសង្ឃឹមថានឹងយកឱកាស នៃការចូលចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
4. ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរឹងមាំក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-កម្ពុជា- សាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរបានឯកភាពបន្តបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដើម្បី លើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ភាគីកូរ៉េបានសម្តែងឆន្ទៈក្នុងការបន្តធ្វើការជិតស្និទ្ធជាមួយភាគី កម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា និងផ្តល់ជំនួយដល់កងយោធពលខេមរភូមិន្ទ មានជាអាទិ៍ ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស និងសម្ភារៈ។
5. ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការឆ្លើយតប ដែលមានការសម្របសម្រួល និងគ្រប់ជ្រុងជ្រោយចំពោះកំណើនឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍ ការជួញដូរ គ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោក ស្របតាមអនុស្សរណៈនៃការ យោគយល់គ្នា និងឯកសារពាក់ព័ន្ធនានារវាងប្រទេសទាំងពីរដែលអាចអនុវត្តបាន។ ភាគីទាំងពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសន្តិសុខ និងសុវត្ថិភាពលម្អសមុទ្រ ដើម្បីលើកកម្ពស់សន្តិភាព និង ស្ថិរភាពក្នុងតំបន់។
*កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
6.
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសនិន្នាការកើនឡើងនៃវិនិយោគកូរ៉េនៅកម្ពុជា និងការកើនឡើងវិញនៃពាណិជ្ជកម្មទ្វេភាគីនៅក្រោយ វិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពទាញយកប្រយោជន៍ជាអតិបរមាពីយន្តការកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងពហុភាគី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ភាគីទាំងពីរបានស្វាគមន៍ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការ ចម្រុះនៃ CKFTA ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបន្តកិច្ចពិភាក្សាដើម្បីផ្តួចផ្តើមការចរចាលើ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ សំដៅជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ។ ភាគី ទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មឌីជីថល និងកម្មសិទ្ធិបញ្ញា ដើម្បីការអភិវឌ្ឍ ប្រកបដោយនវានុវត្តន៍ និងចីរភាព។
7. ដោយកត់សម្គាល់នូវសារសំខាន់នៃសន្តិសុខសេដ្ឋកិច្ច និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពស្វែងរកមធ្យោបាយធ្វើឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។
8. ភាគីទាំងពីរបានឯកភាពរួមគ្នាជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជា ដោយផ្តោតលើសហគ្រាសធុនតូចនិង មធ្យម និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់បម្រើការនាំចេញ ដូចជា ឧស្សាហកម្មបង្គំនិងដំឡើង រថយន្ត អេឡិចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងម៉ាស៊ីន។ ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញការវិនិយោគទ្វេភាគី ភាគីទាំងពីរបានឯកភាពបង្កើតការពិគ្រោះយោបល់ជាទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគអំណោយផលសម្រាប់ក្រុមហ៊ុនកូរ៉េ។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហការជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងទីភ្នាក់ងារជំរុញ ពាណិជ្ជកម្ម-វិនិយោគកូរ៉េ ក្នុងគោលបំណងស្វែងរកលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា- សាធារណរដ្ឋកូរ៉េ ដើម្បីសម្របសម្រួល និងទាក់ទាញគម្រោងវិនិយោគបន្ថែមទៀតពីកូរ៉េមកកាន់កម្ពុជា។
9. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរឹងមាំលើវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និង សាធារណរដ្ឋកូរ៉េ ក្នុងនោះរួមមានការវិនិយោគរបស់កូរ៉េក្នុងស្ថាប័នហិរញ្ញវត្ថុចំនួន១៥ នៅកម្ពុជា និងបាន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យនេះ ដោយផ្តោតលើការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល។
10. ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពនៃទីផ្សារមូលបត្រនៅកម្ពុជា ដែលផ្សារមូលបត្រកម្ពុជាជាការវិនិយោគ រួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។ ភាគីទាំងពីរបានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការរវាងនិយ័តករមូលបត្រនៃប្រទេសទាំងពីរ ជាពិសេសលើផ្នែកមូលបត្រឌីជីថល បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងសញ្ញាប័ណ្ណចីរភាព។
11. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យកសិកម្ម ដោយមានគម្រោងជាច្រើន កំពុងដំណើរការនៅប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងវិស័យ នេះ ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្ម ការធ្វើឱ្យ ប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការជំរុញឧស្សាកម្មកែច្នៃម្ហូបអាហារ។ ភាគីទាំងពីរបានសម្តែង ការពេញចិត្តចំពោះវឌ្ឍនភាពនៃការបង្កើតមជ្ឈមណ្ឌលសម្រាប់វិស័យកែច្នៃម្ហូបអាហារ។
12. ភាគីទាំងពីរបានកោតសរសើរចំពោះការអនុវត្តដោយជោគជ័យនៃប្រព័ន្ធអនុញ្ញាតមុខរបរ និងកម្មវិធីពលករ រដូវកាល ហើយបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ភាគីកម្ពុជាបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជ្រើសរើសពលករកម្ពុជាទៅបម្រើ ការនៅសាធារណរដ្ឋកូរ៉េ និងផ្តល់ការគាំទ្រដល់ពួកគេ ព្រមទាំងបានផ្តល់ការគាំទ្របច្ចេកទេសដល់ការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។ ភាគីកម្ពុជាក៏បានបង្ហាញក្តីរំពឹងថា នឹងទទួលបានការបន្តគាំទ្រពីភាគីកូរ៉េ រួមទាំងការបង្កើនចំនួនកូតា និងឱកាសការងារសម្រាប់ពលករកម្ពុជា។ ភាគីកូរ៉េបានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏មានតម្លៃរបស់ពលករកម្ពុជាដល់សេដ្ឋកិច្ចកូរ៉េ។
13.
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងសហការដើម្បីអភិវឌ្ឍរួមគ្នាលើវិស័យឌីជីថល នៅក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងថ្មីៗ តាមរយៈមធ្យោបាយផ្សេងៗ។ ក្នុង ន័យនេះ ភាគីទាំងពីរបានស្វាគមន៍ការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៤ ក្រោមការផ្តល់ហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលនឹង រួមចំណែកដល់ការពន្លឿនបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
14. ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញការអភិវឌ្ឍមនុស្សជំនាន់ក្រោយ ដែលបំពាក់ដោយ ជំនាញឧស្សាហកម្ម និងឌីជីថល ដើម្បីជំរុញបរិវត្តកម្ម និងនវានុវត្តន៍ឧស្សាហកម្ម។ ក្នុងបិរការណ៍នេះ ភាគីទាំង ពីរបានស្វាគមន៍ការចាប់ផ្តើមកម្មវិធីហិរញ្ញប្បទានឥតសំណងថ្មីរបស់ KOICA ដែលមានគោលបំណងផ្តល់ ឱកាសដល់យុវជនទទួលបាននូវជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ប្រកបដោយគុណភាព និងកម្មវិធីអាហារូបករណ៍។
15. ដោយទទួលស្គាល់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាវិស័យដែលមានការវិវឌ្ឍ និងមានសារសំខាន់ ខ្លាំងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ ជាពិសេស ភាគីកម្ពុជាបានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើការស្រាវជ្រាវ សួន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ក្រោយឧត្តមលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កិច្ចសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការផ្ទេរ បច្ចេកវិទ្យា។ ភាគីទាំងពីរបានស្វាគមន៍គម្រោងរបស់ KOICA ដែលកំពុងដំណើរការនៅកម្ពុជា មានឈ្មោះថា «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET)»។
*កិច្ចសហប្រតិបត្តិការសង្គម វប្បធម៌ និងបរិស្ថាន
16. ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងចំពោះការងើបឡើងវិញប្រកបដោយស្ថិរភាពនៃការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នៅក្រោយវិបត្តិជំងឺរាតត្បាតសកល។ ភាគីទាំងពីរបាន ឯកភាពបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទ្វេភាគី ក្នុងវិស័យទេសចរណ៍តាមរយៈយន្តការផ្សេងៗ។
17. ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមតាំងពីមុនពេលភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧។ ភាគីកម្ពុជាបានថ្លែង អំណរគុណចំពោះភាគីកូរ៉េ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។
18. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងខេត្ត និងក្រុងនៃប្រទេសទាំងពីរ ព្រមទាំងបាន លើកទឹកចិត្តឱ្យខេត្ត និងក្រុងដទៃទៀតពិចារណាបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពក្នុងទម្រង់ស្រដៀងគ្នា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
19. ភាគីទាំងពីរបានទទួលស្គាល់អំពីសារសំខាន់នៃការរៀបចំទីក្រុងឆ្លាតវៃ ដែលធានានូវបរិយាកាសទីក្រុងប្រកប ដោយបរិស្ថានបៃតង បរិយាប័ន្ន ងាយស្រួលរស់នៅ និងមានចីរភាពជាងមុន។ ក្នុងគោលបំណងបង្កើន គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងដំណោះ ស្រាយប្រកបដោយនវានុវត្តន៍នៅក្នុងការកសាងទីក្រុងដែលឆ្លាតវៃ មានចីរភាព និងភាពធន់។
20. ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ភាគីសាធារណរដ្ឋកូរ៉េ ចំពោះការគាំទ្រយ៉ាងសកម្មដល់ កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងជួសជុលឡើងវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌នៅកម្ពុជា រួមមានប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូ និងព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ភាគីទាំងពីរទន្ទឹងរង់ចាំធ្វើការរួមគ្នាដើម្បីអភិរក្ស ប្រាសាទអង្គរវត្ត ក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌវប្បធម៌ ដែលបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ កាលពី ខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរបានទទួលស្គាល់អំពីសារសំខាន់នៃការកសាងសមត្ថភាពក្នុងការអភិវឌ្ឍ វប្បធម៌ និងបានប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំ និងអភិវឌ្ឍវប្បធម៌ ដូចជា គម្រោងបង្កើតវេទិកាអប់រំសិល្បៈក្នុងប្រទេសកម្ពុជា និងគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងចូលក្នុងប្រព័ន្ធកុំព្យូទ័រ។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារប្រជាជនទៅវិញទៅមកក្នុងប្រទេសរៀង ខ្លួន ស្របតាមច្បាប់ជាធរមាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យបញ្ចប់ការចរចាឱ្យបានឆាប់ លើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាល ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
22. ភាគីទាំងពីរបានសម្តែងឆន្ទៈក្នុងការបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការប្រែប្រួល អាកាសធាតុ និងការសឹករិចរិលបរិស្ថាន ដោយគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរួមគ្នាដែលមានជាអាទិ៍ គម្រោង ខ្យល់បរិសុទ្ធប្រកបដោយនិរន្តរភាពសម្រាប់អាស៊ាន។ ដោយទទួលស្គាល់អំពីភាពបន្ទាន់នៃការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ ភាគីទាំងពីរបានឯកភាពពន្លឿនបញ្ចប់ការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្ត មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ច សហប្រតិបត្តិការតាមរយៈភាពជាដៃគូតំបន់ និងសកល រួមទាំង គំនិតផ្តួចផ្តើមស្តីពីថាមពលគ្មានបំភាយកាបូន របស់សាធារណរដ្ឋកូរ៉េ។
*កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
23. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេស ទាំងពីរ។ ភាគីកម្ពុជាបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួម ចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមកិច្ចសហ ប្រតិបត្តិការ និងការពិគ្រោះយោបល់ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។
24. ភាគីសាធារណរដ្ឋកូរ៉េទទួលស្គាល់កម្ពុជាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ការគាំទ្រ តាមរយៈការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ ប្រទេសកម្ពុជា ឆ្នាំ២០២១-២០២៥ របស់សាធារណរដ្ឋកូរ៉េ។ យុទ្ធសាស្ត្រនេះផ្តោតលើវិស័យគន្លឹះចំនួន ៤ រួម មាន ការដឹកជញ្ជូន ការគ្រប់គ្រងទឹកនិងសុខាភិបាល/អនាម័យ ការអប់រំ និងអភិវឌ្ឍន៍ជនបទ ដែលស្រប តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងអាទិភាពរបស់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាប័ន្ន។ ភាគីទាំងពីរបានឯកភាពរៀបចំយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលបន្ទាប់ ក្នុងពេលវេលាសមស្រប។
25. ភាគីទាំងពីរបានស្វាគមន៍ការបន្តកិច្ចសម្របសម្រួលក្របខ័ណ្ឌពាក់ព័ន្ធនឹងឥណទានសម្បទានពីមូលនិធិកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០៣០ ដែលមានទំហំទឹកប្រាក់រហូតដល់ចំនួន ៣ ពាន់លានដុល្លារអាមេរិក និងបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះគម្រោងស្ពាន បានមិត្តភាពកម្ពុជា- កូរ៉េ ដែលជានិមិត្តរូបនៃមិត្តភាពដែលរីកចម្រើនឥតឈប់ឈររវាងប្រទេសទាំងពីរ និងបានឯកភាពពន្លឿនការ អនុវត្តគម្រោងនេះផងដែរ។
26. ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យថែទាំសុខភាព និងបន្តផ្តល់ការគាំទ្រទៅវិញទៅមក ដើម្បីអនុវត្តគម្រោងនានាដោយជោគជ័យ ដូចមានចែងក្នុងកំណត់ហេតុកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ លើកទី៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងគម្រោងផ្សេងៗទៀតដែលទទួលបានការឯកភាពពីភាគីទាំងសងខាង។
27. ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យ មុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ដែលបានចុះហត្ថលេខាដោយក្រសួងមុខងារ សាធារណៈរបស់កម្ពុជា និងក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ កាលពីខែតុលា ឆ្នាំ២០២១។ បន្ថែម ពីលើនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ លើវិស័យមុខងារសាធារណៈ។ ភាគីសាធារណរដ្ឋកូរ៉េបានសម្តែងការគាំទ្រលើគម្រោងកសាងសមត្ថភាព របស់សាលាភូមិន្ទរដ្ឋបាលកម្ពុជា ឆ្នាំ២០២៥-២០២៩ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានធ្វើ ការសិក្សា និងអនុម័តរួចហើយ។
*កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ
28. ដោយគូសបញ្ជាក់អំពីសារសំខាន់នៃសន្តិភាព និងសន្តិសុខអន្តរជាតិ ពាណិជ្ជកម្មសេរី នីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ ភាគីទាំងពីរបានឯកភាពបន្ត និង ពង្រីកកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាតំបន់ និងសកល។ ភាគីទាំងពីរបានបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងអង្គការអន្តរជាតិ និងពហុភាគីផ្សេងទៀត។
29.
ភាគីទាំងពីរបានអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគោរពតាមសេចក្តីសម្រេចចិត្តពាក់ ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសន្ទនាដោយ សន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ដើម្បីសម្រេចគោលដៅនេះ ភាគី កម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម Audacious Initiative របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងសម្រេចឱ្យ បាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ មានសន្តិភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
30. ភាគីកម្ពុជាបានសម្តែងការគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ បន្ថែមពីលើនេះ ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ- អាស៊ាន (Korea ASEAN Solidarity Initiative) និងទន្ទឹងរង់ចាំការអនុវត្តខ្សែបន្ទាត់សកម្មភាពស្នួលចំនួន ៨ របស់គំនិតផ្តួចផ្តើមនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោយប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន។
31. កីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ភាគីសាធារណរដ្ឋកូរ៉េក៏បាន បញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់នូវមាគ៌ានាំផ្លូវ សម្រាប់ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូខាងក្រៅ តាមរយៈការអនុវត្តនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យអាទិភាពចំនួន៤ ដូចដែលបានកំណត់ក្នុង AOIP តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ភាគីកម្ពុជាក៏បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី មានសន្តិភាព និងវិបុលភាព ព្រមទាំងបានកត់សម្គាល់ថា AOIP និងយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េ មានគោលការណ៍ជាមូលដ្ឋានរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហ ប្រតិបត្តិការ។
32. ភាគីកម្ពុជាបានកោតសរសើរសាធារណរដ្ឋកូរ៉េ ចំពោះការគាំទ្រឥតងាករេដល់កិច្ចខិតខំប្រឹងប្រែងកសាង សហគមន៍អាស៊ាន ជាពិសេសតាមរយៈការបង្កើនវិភាគទានប្រចាំឆ្នាំដល់មូលនិធិសហប្រតិបត្តិការអាស៊ាន- សាធារណរដ្ឋកូរ៉េ ពី១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៣២លានដុល្លារអាមេរិក នៅឆ្នាំ២០២៧។ ភាគីសាធារណរដ្ឋកូរ៉េបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការរួមចំណែកអនុវត្តនូវអាទិភាពនានាក្រោមគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។
33. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដែលបានពង្រឹងនូវការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងអនុតំបន់ មេគង្គ និងបានកោតសរសើរការរៀបចំដោយជោគជ័យនូវវេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី១១ ដែលដឹកនាំ ដោយកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល។ ភាគីកម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះសាធារណរដ្ឋកូរ៉េ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់មេគង្គ ក្រោមផែនការ សកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២១-២០២៥ ព្រមទាំងការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េក្នុងការដំឡើង វិភាគទានប្រចាំឆ្នាំរបស់ខ្លួនទ្វេដងដល់មូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ពី៥លានដុល្លារអាមេរិក ក្នុង ឆ្នាំ២០២២ ដល់ ១០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧។
អំឡុងទស្សនកិច្ច ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៦ រួមមាន៖ (១) ពិធីសារកែសម្រួលកិច្ច សម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ (២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ (៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (៤) លិខិតថ្លែង បំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបគ្រឿងញៀន (៥) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ និង (៦) កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងការផ្តល់ បដិសណ្ឋារកិច្ចជូនសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានអញ្ជើញឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ៕ដោយ៖តារា