ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះ មានគេហទំព័រមួយចំនួនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដោយធ្វើការបង្ហោះផ្សាយនូវវីដេអូរបស់ឈ្មោះ ជោតិ ច័ន្ទចរិយា និងភ្ជាប់ជាមួយសំណេរដែលមាន ខ្លឹមសារទម្លាក់កំហុស បំផ្លើសខុសពីការពិត នាំឲ្យសាធារណៈជនមានការភ័ន្តច្រឡំមកលើចំណាត់ការសំណុំរឿង ព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សកម្មភាពនៃការផ្សព្វផ្សាយទាំងនោះ រួមមាន៖
១-នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ កម្ពុជាឈ្នះ បានធ្វើការផ្សព្វផ្សាយនូវវីដេអូរបស់ ឈ្មោះជោតិ ច័ន្ទចរិយា ដោយភ្ជាប់ជាមួយនូវសំណេរថា អ្នកស្រី ជោតិ ច័ន្ទចរិយា ដង្ហើយរកយុត្តិធម៌ ខណៈ អ្នកជំពាក់លុយបែរជាមកប្តឹងម្ចាស់លុយ”។
២-នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ Chanchakriya Chort បានផ្សព្វផ្សាយនូវវីដេអូ របស់ខ្លួន ដោយភ្ជាប់ជាមួយនូវសំណេរថា “នាងខ្ញុំឈ្មោះ ជោតិ ច័ន្ទចរិយា មានមុខរបរជាមន្ត្រីនគរបាលបានកំពុង ទទួលរឹងនូវភាពអយុត្តិធម៌ណាស់។ ពួកអ្នកមានចេតនាទុច្ចរិតចេញសែកស្អុយចំនួន $១៩៥,០០០ បែរជារួចខ្លួន រីឯនាងខ្ញុំជាជនរងគ្រោះបែរជាក្លាយជាជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌទៅវិញ ពិតជាអយុត្តិធម៌ពេកហើយ។ សូមសម្តេចពុក សម្តេចម៉ែ សម្តេចក្រឡាហោម សម្តេចបវរធិបតី និងលោកជំទាវ… សូមមេត្តាជួយរកយុត្តិធម៌ដល់ គ្រួសារខ្ញុំផង។ សូមគោរពដល់បងប្អូនសារព័ត៌មាន បងប្អូនខ្មែរទាំងអស់ដែលស្រលាញ់ និងចង់បានភាពយុត្តិធម៌ សូមជួយស៊ែរផង”។
៣-នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ Kong Kan TV បានធ្វើការផ្សព្វផ្សាយនូវវីដេអូ របស់ឈ្មោះ ជោត ច័ន្ទចរិយា ដោយភ្ជាប់ជាមួយនូវសំណេរថា “មន្ត្រីនគរបាលម្នាក់ស្រែកយំរកយុត្តិធម៌”។
៤-នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ MMO Pisey បានធ្វើការផ្សព្វផ្សាយនូវវីដេអូរបស់ ឈ្មោះជោតិ ច័ន្ទចរិយា ដោយភ្ជាប់ជាមួយសំណេរថា “នាងខ្ញុំឈ្មោះ ជោតិ ច័ន្ទចរិយា មានមុខរបរជាមន្ត្រីនគរបាល បានកំពុងទទួលរងនូវភាពអយុត្តិធម៌។
៥-នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ Muyreal បានធ្វើការផ្សព្វផ្សាយនូវវីដេអូរបស់ ឈ្មោះ ជោត ច័ន្ទចរិយា ដោយភ្ជាប់ជាមួយសំណេរថា “ម្ចាស់ជាប់គុកចោររួចខ្លួន ធ្លាប់តែលឺ តែឥឡូវធ្លាក់លើខ្លួន”។
តាមរយៈសំណេរ និងវីដេអូដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រខាងលើនេះ ឈ្មោះ ជោតិ ច័ន្ទចយោធាន អះអាងថា “ខ្លួនបានរងនូវភាពអយុត្តិធម៌ ចំពោះចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ដោយសារន្ធន្តរជាជនរងគ្រោះ តែបែរជាត្រូវចោទប្រកាន់ថាជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ និងត្រូវប្រឈមនឹងការឃាត់ខ្លួន និងផ្តន្ទាទោស ទៅវិញ។ ខ្លួនចង់ទៅឆ្លើយបំភ្លឺតាមការកោះហៅ ប៉ុន្តែខ្លួនទទួលដំណឹងថា បើចូលបំភ្លឺតាមការចេញ ខ្លួននឹងត្រូវគេឃាត់ខ្លួនទៅតាមការចោទប្រកាន់ និងការធ្វើអន្តរាគមន៍ផ្សេងៗ…។ ចំណែកសំណុំរឿងព្រហ្មទណ្ឌនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលខ្លួនជាដើមបណ្ដឹង ហេតុអ្វីមិនចេញដីកាបញ្ហា និងមិនមានចំណាត់ការ ហើយបែរជាឲ្យ បញ្ចូលទៅក្នុងសំណុំរឿងដែលគេប្តឹងមកលើខ្លួនទៅវិញ…។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា៖ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៨០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដែល មានដើមបណ្ដឹងចំនួន៥ (ប្រាំ) រូប៖ ១-ឈ្មោះ អ៊ុង វេងស៊ីន, ២-ឈ្មោះ សៀង សុខចំរើន, ៣-ឈ្មោះ ប៉េង ដែន, ៤-ឈ្មោះ លាង ឬទ្ធី និង៥-ឈ្មោះ លាង ខែសុភ័ណ្ឌ បានប្តឹងចោទប្រកាន់លើឈ្មោះ ឈឹម សាបុន និងឈ្មោះ ជោតិ ច័ន្ទចរិយា ពីបទ រំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មក តំណាងអយ្យការបានចេញដីកាកោះហៅភាគីពាក់ព័ន្ធដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ តាមនីតិវិធី។
ក្រោយពីបានពិនិត្យផ្ទៀងផ្ទាត់លើអង្គហេតុ និងឯកសារពាក់ព័ន្ធនានា ឃើញថាអង្គហេតុនៅក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ១៧៨០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង អង្គហេតុនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៥៩ ព្រ.ទ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាអង្គហេតុដែលមានទំនាក់ទំនងគ្នា ដោយមានភាគីពាក់ព័ន្ធដូចគ្នា និងកម្មវត្ថុនៃបណ្ដឹងពាក់ព័ន្ធនឹងប្រាក់ចំនួន ១៧៥ ០០០ (ដប់ប្រាំពីរម៉ឺនប្រាំពាន់) ដុល្លារសហរដ្ឋអាមេរិក ដូចគ្នា។ ការចាត់ឲ្យបញ្ជូនសំណុំរឿងព្រហ្មទណ្ឌពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺដើម្បីមានភាពងាយស្រួល ក្នុងការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ និងដើម្បីពិនិត្យចាត់ការឲ្យបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន ប៉ុណ្ណោះ។ ករណីនេះ ឈ្មោះ ជោតិ ច័ន្ទចរិយា ពុំបាត់បង់សិទ្ធិក្នុងឋានៈជាដើមបណ្ដឹងនោះទេ។
ចំពោះការលើកឡើងនៅក្នុងខ្លឹមសារនៃសំណេរ និងវីដេអូរបស់ឈ្មោះ ជោតិ ច័ន្ទចរិយា ដែលផ្សព្វផ្សាយអំពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ថាជារឿងអយុត្តិធម៌ និងធ្វើឲ្យជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ ឬជាជនជាប់ចោទនោះ ជាការផ្សព្វផ្សាយខុសពីការពិត និងពុំមានមូលដ្ឋានច្បាស់លាស់នោះទេ ដោយហេតុថា សំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងស្ថិតក្នុងការស៊ើបអង្កេត និងពុំទាន់មាន ការសម្រេចចោទប្រកាន់បុគ្គលណាម្នាក់នៅឡើយ។ ការចេញដីកាកោះហៅភាគីពាក់ព័ន្ធដើម្បីសាកសួរ គឺជាការ អនុវត្តកិច្ចនីតិវិធី ដើម្បីធានានូវសិទ្ធិការពារខ្លួន និងដើម្បីផ្តល់ឪកាសភាគីក្នុងការបង្ហាញភស្តុតាងនានា ស្របតាម ក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែ ឈ្មោះ ជោតិ ច័ន្ទចរិយា មិនបានចូលមកឆ្លើយបំភ្លឺតាមការកោះហៅទេ ហើយបែរជា ធ្វើការផ្សព្វផ្សាយវីដេអូនៅក្នុងបណ្តាញសង្គមទៅវិញ។ ជាមួយគ្នានេះ ឈ្មោះ ជោតិ ច័ន្ទចរិយា ក៏បានរៀបរាប់ថា “ខ្លួនទទួលដំណឹងថា បើចូលទៅបំភ្លឺតាមដីកាកោះហៅនោះ គេនឹងឃាត់រូបខ្លួន”។ នៅក្នុងវីដេអូនោះ ឈ្មោះ ជោតិ ច័ន្ទចរិយា ក៏បានបង្ហាញនូវឯកសារសំណុំរឿងមួយចំនួន។ ករណីនេះ អយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ ស្នើសុំសាមីខ្លួនធ្វើការបញ្ជាក់អំពីប្រភពព័ត៌មាន និងប្រភពឯកសារទាំងនោះផងដែរ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តយកចិត្តទុកដាក់ចាត់ការសំណុំរឿងនេះ ឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ និងនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងពិនិត្យពិចារណាផងដែរចំពោះសកម្មភាពនានាដែលធ្វើឡើងក្នុងចេតនាជាការញុះញង់ ឬការអះអាងបំផ្លើសខុសពីការពិត ដែលនាំឲ្យសាធារណៈជនមានការភ័ន្តច្រឡំមកលើចំណាត់ការរបស់អយ្យការ និងតុលាការ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា