ទីក្រុងសេអ៊ូល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរប្រមាណជាង២ពាន់នាក់ ដែលកំពុងសិក្សា, បំពេញការងារ និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ។
សូមអានប្រសាសន៍សំខាន់ៗរបស់មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងបង្ហាញអារម្មណ៍រីករាយចំពោះការបានសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េ។ សម្តេចធិបតី ចាត់ទុកជំនួបនេះ ជាជំនួបពិសេសនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េ។ សម្តេចថា ជំនួបសំណេះសំណាលនាពេលនេះ បង្ហាញពីសាមគ្គីភាពក្នុងស្មារតីជាខ្មែរ ដែលតែងតែស្កាត់រកគ្នា។
-សម្តេចធិបតី ថ្លែងនពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។
-សម្តេចធិបតី ថ្លែងអំណរគុណដល់មន្ត្រីទូតនៅកូរ៉េ ដែលបានប្រឹងប្រែងបំពេញការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋខ្មែរនៅកូរ៉េ។
-សម្តេចធិបតី ថ្លែងថា រាល់ជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ សុទ្ធតែបានសរសើរពីការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។
-សម្តេចធិបតី ថ្លែងថា ឥរិយាបថល្អរបស់ខ្មែរនៅកូរ៉េ គឺជាការលើកកម្ពស់កិត្តិយស និងកិត្តិនាមរបស់ខ្មែរ ដែលជារឿងដ៏រីករាយ និងរំភើបបំផុត។
-សម្តេចធិបតី ថ្លែងថា ជោគជ័យធំនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង ពីទំនាក់ទំនងធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
-សម្តេចធិបតី ថ្លែងថា «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងធ្វើឱ្យទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ហើយហុចផលកាន់តែច្រើន។
-សម្តេចធិបតី ថ្លែងរំពឹងថា «ភាពជាដៃគូយុទ្ថសាស្ត្រ» រវាងកម្ពុជា និងកូរ៉េ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ កាន់តែធំថែមទៀត។ សម្តេចថា តាមរយៈការដំឡើងកម្រិតទំនាក់ទំនងនេះ បង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ មានទស្សនៈវិស័យដូចគ្នាផ្តល់សារសំខាន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
-សម្តេចធិបតី ថ្លែងថា សម្តេចបានជំរុញឱ្យមានការហោះហើរត្រង់រវាងសៀមរាប ជាមួយខេត្តនានារបស់កូរ៉េ មានដូចជាប៊ូសាន ជេជូ និងអ៉ីនឈុនជាដើម។
-សម្តេចធិបតី ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ កិច្ចការសំខាន់ទី២ គឺការទាក់ម៉ូយ។ ក្នុងនោះមានការរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-កូរ៉េ ព្រមទាំងការជួបផ្ទាល់ជាមួយអ្នកវិនិយោគ។ សម្តេចថា នយោបាយទាក់ម៉ូយនេះ គឺបានផលដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
-សម្តេចធិបតី ថ្លែងថា ទាំងការវិនិយោគ និងការកម្សាន្ត បើគេមិនស្រឡាញ់ខ្មែរ គឺមិនមកខ្មែរនោះឡើយ។
-សម្តេចធិបតី ថ្លែងថា រយៈពេល៥ខែនេះ មានគម្រោងវិនិយោគប្រមាណ ១៤៧គម្រោង ត្រូវបានអនុម័ត។ គម្រោងវិនិយោគនេះ មានទុនសរុប ២,៧០០លានដុល្លារ បង្កើតការងារជាង ១៤ម៉ឺននាក់។
-សម្តេចធិបតី ថ្លែងថា ការដែលធ្វើឱ្យកូរ៉េស្រឡាញ់ខ្មែរ គឺបានមួយចំណែកពីពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។ ក្នុងន័យនេះ សម្តេចស្នើឱ្យខ្មែរនៅកូរ៉េ ត្រូវរក្សាកិត្តិយស រក្សាភាពថ្លៃថ្នូរ។
-សម្តេចធិបតី ថ្លែងថា ទៅកូរ៉េលើកនេះ អភ័ព្វជាងទៅកូរ៉េពេលកន្លងទៅ។ អភ័ព្វ ព្រោះមិនអាចចេញក្រៅបានដូចពេលមុនទៀតនោះឡើយ។
-សម្តេចធិបតី ថ្លែងថា គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបង្កើតការងារមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ការងារអាទិភាព គឺជំរុញការងារក្នុងស្រុក តែក៏ទទួលស្គាល់ថា ការរៀបចំការងារក្រៅប្រទេសជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវធ្វើផងដែរ។
-សម្តេចធិបតី ថ្លែងចំអកទៅក្រុមប្រឆាំងថា រិះគន់រាជរដ្ឋាភិបាលដឹកនាំធ្វើឱ្យពលរដ្ឋចំណាកស្រុកធ្វើការនៅក្រៅប្រទេស ប៉ុន្តែពេលសួរថា បើពួកគេដឹកនាំតើបិទមិនឱ្យពលរដ្ឋចេញទៅធ្វើការនៅកូរ៉េឬ? បែរជាឆ្លើយមិនរួច។
-សម្តេចធិបតី ថ្លែងថា ពលករដែលកំពុងធ្វើការនៅកូរ៉េបច្ចុប្បន្ន ខ្មែរមានជាង ៤៥,០០០នាក់, ថៃប្រមាណ ២៤ម៉ឺននាក់, វៀតណាម ប្រមាណ ២៧ម៉ឺននាក់, ហ្វីលីពិនប្រមាណ ១៥នាក់ និងឥណ្ឌូនេស៊ីជិត ១៦ម៉ឺននាក់។
-សម្តេចធិបតី ថ្លែងថា ការបំពេញការងារនៅកូរ៉េ បានចំណូល និងជំនាញ។ សម្តេច ថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ។
-សម្តេចធិបតី ថ្លែងថា ពលរដ្ឋកូរ៉េ ១លាននាក់ធ្វើការនៅអាមេរិក និង៥០ម៉ឺននាក់ធ្វើការនៅជប៉ុន។ សម្តេច ថា ការបង្កើតការងារក្រៅប្រទេស ជាការបង្កើតជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ មិនមែនជាការបង្ខំនោះទេ។
-សម្តេចធិបតី ថ្លែងថា កម្ពុជា កំពុងប្រឹងប្រែងប្រែក្លាយពីឧស្សាហកម្មកាត់ដេរ ទៅឧស្សាហកម្មកម្រិតខ្ពស់ ដូច្នេះពលករពីកូរ៉េ នឹងជួយបំពេញនូវជំនាញបច្ចេកទេសនេះ។
-សម្តេចធិបតី ថ្លែងថា រយៈពេល១០ឆ្នាំនេះ ពលករខ្មែរធ្វើការនៅកូរ៉េកើនជាង ៦ម៉ឺននាក់។ ឆ្នាំ២០២៤ កូតាពលករខ្មែរ ត្រូវបានដំឡើងដល់ ១១៥០នាក់ ក្នុងមួយឆ្នាំ។
-សម្តេចធិបតី ថ្លែងថា បច្ចុប្បន្នអនិកជនខ្មែរនៅកូរ៉េ មានជាង ៨ពាន់នាក់។
-សម្តេចធិបតី ថ្លែងថា មានមូលហេតុ៣ នាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ រួមមាន៖ ១) ការភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧ ដែលជាការពុះពាររបស់សម្តេចតេជោ, ២) ការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងទី៣) ដោយសារពលករខ្មែរខ្លួនឯង ដែលឧស្សាហ៍ព្យាយាម និងមិនបង្កបញ្ហាដល់ថៅកែកូរ៉េ។
-សម្តេចធិបតី ថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលយគាំពារពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ទាំងក្នុង និងក្រៅប្រទេស។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលខ្មែរមិនចោលពលរដ្ឋខ្មែរនៅកូរ៉េនោះឡើយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។
-សម្តេចធិបតី ថ្លែងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។ សម្តេចធិបតី បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។
-សម្តេចធិបតី ថ្លែងថា រឿងឆបោក របស់ ឡេង ចាន់ណា សម្តេច បានចាត់វិធានការតាំងពីរខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន។ សម្តេចថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា ហើយសំណុំរឿងឆបោករបស់ ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ ក្រោយផ្ទុះការប្រតិកម្ម ទើបដឹងច្បាស់ថា គម្រោងវិនិយោគរបស់ ឡេង ចាន់ណា ជាគម្រោងបោកប្រាស់។ ហេតុនេះហើយទើបសម្តេចបញ្ជាឱ្យចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយមិនរកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកូរ៉េ ដែលបាន ចំណាយពេលវេលាធ្វើដំណើរវែងឆ្ងាយស្កាត់មកជួបសម្ដេច ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពក្នុងនាមជាខ្មែរដូចគ្នា ។
-សម្ដេចធិបតី ចង់ឃើញកំណើនទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ កើនឡើងដល់ពីរពាន់លានដុល្លារ នាពេលខាងមុខ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ។
-សម្ដេចធិបតី ថ្លែងថា កំលុងពេលទស្សនកិច្ចផ្លូវការ ក្នុងប្រទេសកូរ៉េ សម្ដេចបានទាក់ម៉ូយជាច្រើន ដែលការទាក់ម៉ូយនេះ គឺដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមាន ប្រាក់ចំណូលកាន់តែច្រើន។
-សម្ដេចធិបតី ថ្លែងថា គោលដៅអាទិភាពធំរបស់រាជរដ្ឋាភិបាល គឺជំរុញការបង្កើតការងារ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី ថ្លែងថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស គឺបានជួយលើកកម្ពស់ជីវភាព ក្រុមគ្រួសារពលករឱ្យមានការរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេស មិនមែនជាការបញ្ជូនឱ្យទៅធ្វើ កញ្ជះគេនោះទេ គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់មើលការខុសត្រូវ តាមរយៈស្ថានទូតប្រចាំនៅក្រៅប្រទេស ។
-សម្ដេចធិបតី ថ្លែងថា សហគមន៍ខ្មែរនៅប្រទេសកូរ៉េ កំពុងមានការរីកចម្រើន ដែលការរីកចម្រើន នេះ គឺរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
-សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ។ វប្បធម៌ ភាសា និងសាសនា ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់។ សម្តេចធិបតី ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ។
-សម្តេចធិបតី ថ្លែងអំណរគុណដល់ខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតី បានថ្លែងថា គម្រោងនេះ មិនមែនជារបស់សម្តេច ឬសម្តេចតេជោនោះទេ តែជារបស់ខ្មែរទាំងមូល។
-សម្ដេចធិបតី ថ្លែងអរគុណដល់ពលរដ្ឋទាំងអស់ នៅក្រៅប្រទេស និងក្នុងប្រទេស ដែលបានសម្ដែងការគាំទ្រដល់គម្រោងព្រែកជីហ្វូណនតេជោ ដែលគម្រោងនេះ ត្រូវតែធ្វើឱ្យបាន និងគ្រោងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ។
-សម្ដេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ដំណើរការក្នុងពេល ឆាប់ៗនេះហើយ បើទោះជាគ្មានការជួយជ្រោមជ្រែងពីបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាល ត្រូវតែធ្វើឱ្យបាន សម្រេចនូវគម្រោងនេះ ដើម្បីផលប្រយោជន៍ដ៏មហិមាជូនប្រទេសជាតិ៕ដោយ៖ស តារា