ខេត្តព្រះសីហនុ៖ មាននាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ០២គ្រឿង គឺទី១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន និងទី២-នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ ក្រុងព្រះសីហនុ រយៈពេល ០៥ថ្ងៃ (ថ្ងៃទី ១៩-២៣ ខែឧសភា) បំពេញទស្សនកិច្ចដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខចម្អសមុទ្រ
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ ។
លោកឧត្តមនាវីទោ បន្តថា ៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិក នាវាហ្វឹកហ្វឺន លេខ 83 និងនាវាបុកច្រាំង លេខ 999 នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធីបដិសណ្ឋារកិច្ច ជប់លៀងលើនាបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបើកដំណើរការឱ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌ និងសកម្មភាពកីឡា ។
លោក បន្ថែមថា លក្ខណៈ បច្ចេកទេស របស់នាវា គឺទី១- នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន) ទម្ងន់ផ្ទុក ៩.០០០តោន មានបណ្ដោយជាង ១៦៥ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ ជម្រៅ ទឹកជិត ៧ម៉ែត្រ ល្បឿន ២២គីឡូណត ។ និងទី២- នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង) ទម្ងន់ផ្ទុក ២៥.០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជម្រៅ ទឹក ៧ម៉ែត្រ ល្បឿន ២៥គីឡូណត ។ នាវាទាំងពីនេះ មានប្រធាន ប្រតិភូ លោក ឧត្តមនាវីទោ SHAO SHUGUANG (សៅ ស៊ូគ័ង) អគ្គនាយក នៃវិទ្យាស្ថានបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន DaDalia។
សូមបញ្ជាក់ថា ៖ កន្លងទៅ១សប្តាហ៍នេះ យោធាកម្ពុជា-ចិន ជាង ២០០០នាក់ បានធ្វេីសមយុទ្ធ«នាគមាស» នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។
យោងតាមកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងយោពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធយោធាមួយ ដែលមានឈ្មោះថា “នាគមាសឆ្នាំ២០២៤” ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅបានឱ្យដឹងថា ៖ សមយុទ្ធនាគមាសឆ្នាំ២០២៤ និងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹក ដោយកងទ័ពជើងគោកធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។
ចំពោះកម្លាំងចូលរួមធ្វើសមយុទ្ធមានចំនួនសរុប ២,០៧៥នាក់ ក្នុងនោះកងទ័ពភាគីកម្ពុជា ចំនួន ១៣១៥នាក់, កងទ័ពភាគីចិន ចំនួន ៧៦០នាក់។
ដោយឡែកគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត។
ចំណែកសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង។ ខ្លឹមសារនៃការធ្វើសមយុទ្ធនេះគឺ ការទប់ស្កាត់ដោយដ្រូន ការស៊ើបការណ៍ដោយដ្រូន និងសង្គ្រាមបច្ចេកវិទ្យាយោធា។
សមយុទ្ធនេះ ក៏បានការអញ្ជើញបណ្តាប្រទេសក្នុងសមាគមអាស៊ានឱ្យចូលរួមផងដែរ ដើម្បីបង្ហាញពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ ៕