ខេត្តបាត់ដំបង ៖ មានករណីឃាតកម្មគិតទុកជាមុនមួយករណី ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង ។
លោកថា ៖ អំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១:៣០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ រស់នៅចំណុចកើតហេតុខាងលើ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ។
លោកអធិការនគរបាលស្រុកបវេល បានឱ្យដឹងទៀតថា ៖ ករណីឃាតកម្មនេះបានកើតឡើងដោយសារតែស្រ្ដី ជាម្ដាយមីងខឹងនឹងជនរងគ្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក។ លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់បន្ថែមទៀតថា ៖ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីនៃច្បាប់ ។
សូមបញ្ជាក់ថា ៖ អំពើនេះជាបទឧក្រិដ្ឋ សូមបងប្អូន រក្សាឱ្យបាននូវសីលធម៌សង្គម ជៀសឱ្យឆ្ងាយពីការប្រើអំពើហិង្សា ការគិតខ្លី ក្លាយជាឃាតក ដែលត្រូវប្រឈមការផ្តន្ទាទោសក្នុងបទល្មើសឧក្រិដ្ឋ ៕