ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងបញ្ជាក់ថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។
តាមរយៈវីដេអូខ្លី ដែលឯកឧត្តមនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។
លោករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ថាមពលដើរដោយខ្យល់នេះ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
ដោយឡែកអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល លោក ហេង គុណលាង បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទទី២០ ខែឧសភាម្សិលមិញនេះថា៖ បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុនស្រុក ដែលសហការជាមួយក្រុមហ៊ុនអន្ដរជាតិ កំពុងធ្វើការសិក្សា ក្នុងការអនុវត្ដគម្រោងនេះ។
លោកអគ្គនាយករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះ យើងកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សា ដោយមិនទាន់ដឹងអំពីទំហំវិនិយោគនៅឡើយទេ ដោយទុកឲ្យក្រុមហ៊ុនធ្វើការសិក្សាជាមុនសិន»។
បន្ថែមពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានលើកឡើងថា ការដំឡើងថាមពលដើរដោយខ្យល់នេះ នឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់បណ្ដាញប្រព័ន្ធជាតិ របស់អគ្គិសនីកម្ពុជា មានភាពគ្រាប់គ្រាន់។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Olivier Duguet នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle របស់បារាំង ចូលជួបសម្តែងការគួរសម។
នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបង្ហាញបំណងចង់វិនិយោគផលិតថាមពលអគ្គិសនីដើរ ដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់បានសិក្សារួចហើយ និងមើលឃើញថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ ក្រុមនេះស្វះស្វែងការគាំទ្រពីរាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា ហើយសម្តេចបានស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ សម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។
ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ខ្លួន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ ចាប់ពីឆ្នាំ២០២៦តទៅ៕ដោយ៖តារា