ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានបង្កឡេីងជាអគ្គិភ័យឆាប់ឆេះផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីគួរស្រូវ២ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ១២និង១៥ថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៤ ស្ថិតនៅបុរីពិភពថ្មីគួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ឡៅតឿផ្ទះកើតហេតុ ពេលនោះក៏បាននាំគ្នាយកបំពង់បន្លត់អគ្គីភ័យបាញ់ពន្លត់ជាបឋម និងបានរាយការណ៍ទៅសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានផងដែរ ។ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស សហការជាមួយនឹងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យបានចុះទៅកន្លែងកើតហេតុជាមួយនិងរថយន្តពន្លត់អគ្កិភ័យចំនួន៣ គ្រឿងបានបាញ់ទឹកពន្លត់អស់ចំនួនមួយគ្រឿង ទេីបរលត់ទៅវិញទាំងស្រុង។
ក្នុងករណីអគ្គីភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឬក៏មានមនុស្សរងរបួសឬក៏ស្លាប់នោះឡេីយ គ្រាន់តែខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិនៅក្នុងបន្ទប់ឡៅតឿមួយចំនួនប៉ុណ្ណោះ និងបានរលត់ទៅវិញនៅវេលាម៉ោង ១២ និង ៣០នាទីខែឆ្នាំដដែល៕ ដោយ ៖ ភារ៉ា ដង្កោ