ខេត្តកណ្តាល៖ សិល្បករ សិល្បការិនីជាច្រើនរូប រួមទាំងមន្ត្រីក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ បានរៀបចំពិធីដង្ហែទៀនវស្សា និងនាំយកនូវបច្ច័យ និងទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តកែវមណីជោតិហៅវត្តរកាកោងក្រៅ នាឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
កម្មវិធីតាមគន្លងព្រះពុទ្ធសាសនានេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ក្រោមវត្តមានពុទ្ធបរិស័ទ្ធចំណុះជើងវត្តមជាច្រើនរូបទៀត ។
សិល្បករដែលបានចូលរួមក្នុងកម្មវិធីខាងលើមានដូចជា លោក សុះ ម៉ាចនិងភរិយា លោក កុយ ស៊ីឌឿននិងភរិយា អ្នកនាងច័ន្ទ តារាទី លោក អ៊ឹម ជីវ៉ា អ្នកស្រី ហែម សុវណ្ណ លោក កុល សុភោ លោកម៉ា ដូណា ជាដើម ។ ក្រៅពីទាន ព្រះវស្សាសិល្បករក៏បានប្រគេពប្រះសង្ឃនូវ បច្ច័យ ប្រេងម៉ាស៊ូត និងទេយទានមានសាដកជាដើម ។
លោកកុយ ស៊ីឌឿន ប្រធានក្លឹបសិល្បៈឌីភី និងជាមន្ត្រីទីប្រឹក្សាក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រពៃណីដ៏ផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលជានិច្ចកាលវិស័យអាណាចក្រតែងតែបានផ្សារភ្ជាប់ជាមួយនឹងវិស័យ ពុទ្ធចក្រ គឺព្រះពុទ្ធសាសនានេះឯង ជាពិសេសការធ្វើបុណ្យទាន តួយ៉ាងនៅក្នុងរដូវបុណ្យចូលព្រះវស្សានេះតែម្ដង ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តមិនអាចចេញទៅបិណ្ឌ បាត្រនៅក្រៅវត្តបាន ព្រោះមានភ្លៀងធ្លាក់ខ្លាំង ហើយពឹងទៅលើពុទ្ធបរិស័ទ្ធយកចង្ហាន់ និងទេយ្យទាននានាទៅប្រគេនព្រះសង្ឃក្នុងរយៈពេល៣ខែពេញ ។ ដោយប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានេះហើយ ទើបពេលលោក លោកស្រី ក្រុមគ្រួសារ និងសិល្បករបាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឈដែលគង់ចាំព្រះវស្សានៅក្នុងវត្ត កែវមណីជោតិហៅវត្តរកាកោងក្រៅ ។
យ៉ាងណាម៉ិញ នេះជាការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតជាមួយវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជានិច្ចកាលវិស័យទាំងពីរនេះពុំដែលបានកាត់ផ្តាច់ពីគ្នាឡើយ ។ ព្រះគ្រូចៅអធិការវត្ត កែវមណីជោតិហៅវត្តរកាកោងក្រៅបានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្ត របស់លោកកុយ ស៊ីឌឿន ភរិយា ក្រុមគ្រួសាររួមទាំអសិល្បករសិល្បករិនី សមាជិកសមាគមសិល្បករខ្មែរដែលបាននាំយកទានព្រះវស្សា បច្ច័យនិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តដែលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះ ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ៕ វឌ្ឍនា