ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ១២ ត្រូវបានបញ្ជាឱ្យកាត់បន្ថយទំហំគម្រោងគេហដ្ឋាន ដែលមានហានិភ័យខ្ពស់របស់ពួកគេ ដោយរដ្ឋាភិបាលទីក្រុង Yangon។ គម្រោងនេះមានប្រហែលជា ១៨៥គម្រោង ស្មើនឹង ៦ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវបានបាត់បង់ ហើយអាចបង្ខំឱ្យក្រុមហ៊ុនជាច្រើនចាកចេញពីការធ្វើពាណិជ្ជកម្មនេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះបានដាក់ចេញនូវសន្និសីទកាសែតរួមមួយនៅទីក្រុង Yangon កាលពីថ្ងៃម្សិលមិញ ដើម្បីបង្ហាញនូវផលប៉ះពាល់របស់ច្បាប់នេះទៅលើគម្រោងរបស់ពួកគេ ហើយបានរំលឹកពីលទ្ធផលដ៏ធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលតម្រូវឱ្យកែប្រែតាមតែអំពើចិត្តទៅលើការវិនិយោគធំៗ ដែលមានរយៈពេលវែងនេះ។
កាលពីខែឧសភា រដ្ឋាភិបាលបានផ្អាកគម្រោងទាំងអស់នៅក្នុងទីក្រុង Yangon និងបានពន្យារពេលការត្រួតពិនិត្យ ដើម្បីធានាថា គម្រោងទាំងអស់នោះស្របនឹងសេចក្តីព្រាងនៃច្បាប់នេះ។ កាលពីសប្ហាហ៍មុន ក្រុមហ៊ុនទាំង ១២នោះ ត្រូវបានប្រាប់ឱ្យកាត់បន្ថយចំនួនជាន់នៃអគារ និងផ្លាស់ប្តូរការរចនារបស់ពួកគេ។
គម្រោងសរុបចំនួន ១៨៥ ត្រូវបានផ្អាក ហើយ ៦៤គម្រោងក្នុងចំណោមគម្រោងទាំងអស់នោះកំពុងតែស្ថិតក្រោមការសាងសង់។ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះបានឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ប្រសិនបើក្រុមហ៊ុនបន្ថែមទៀត ត្រូវបានប្រាប់ឱ្យផ្លាស់ប្តូរគម្រោងមេរបស់ពួកគេដែរនោះ ពួកគេប្រឈមមុខនឹងការខាតបង់ពី ៥ ទៅ ៦លានដុល្លារសហរដ្ឋអាមេរិក។ គ្រាន់តែក្រុមហ៊ុនចំនួន ១២នេះខាតបង់ប្រហែលជា ៣៤០លានដុល្លារសហរដ្ឋអាមេរិករួចទៅហើយ។
លោក U Myo Myint ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ MKT បានមានប្រសាសន៍ថា «យើងបានបញ្ឈប់ការសាងសង់តំបន់ជាច្រើនក្នុងរយៈពេល ២ខែនេះ ហើយប្រសិនបើយើងចាំបាច់ត្រូវតែកាត់បន្ថយចំនួនជាន់របស់អគារ ដែលយើងបានសាងសង់ហើយនោះ វានឹងមានលទ្ធផលមិនល្អទេសម្រាប់ក្រុមហ៊ុនរបស់យើង។ ប្រសិនបើយើងត្រូវតែអនុវត្តតាមបទបញ្ជានេះ យើងនឹងត្រូវសងបំណុលតាមលទ្ធភាព ដែលយើងអាចធ្វើទៅរួច ប៉ុន្តែភាគច្រើននៃពួកយើងនឹងមិនអាចសងធនាគារបានទេ ហើយនឹងដួលរលំទៀតផង»។
ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនមានអារម្មណ៍ថា រដ្ឋាភិបាលបានលុបចោលនូវការប្តេជ្ញាចិត្តរបស់ពួកគេតាមរយៈការកាត់បន្ថយការអនុញ្ញាតឲ្យសាងសង់អគារដើម។ ពួកគេក៏ត្រូវបានគេចោទប្រកាន់ថា ខ្វះនូវតម្លាភាព ពីព្រោះតែពួកគេមិនបានធ្វើការកែប្រែច្បាប់នេះជាសាធារណៈឱ្យបានល្អិតល្អន់។
គណៈកម្មាធិការត្រួតពិនិត្យគម្រោង ដែលមានហានិភ័យខ្ពស់បានឱ្យដឹងថា ខ្លួនចង់ស្រោចស្រង់ទីក្រុង Yangon និងស្តារមុខមាត់ទីក្រុងនេះឡើងវិញ។ ប៉ុន្តែ លោក U Myo Myint បានមានប្រសាសន៍ថា ពាក្យទាំងនោះគឺជាពាក្យល្អសម្រាប់និយាយ ប៉ុន្តែពួកគេគួរតែផ្តោតការយកចិត្តទុកដាក់ទៅលើ ថាតើគម្រោងទាំងនោះ ត្រូវបានអនុវត្តតាមគោលនយោបាយ ដែលបានកំណត់ដោយរដ្ឋាភិបាលចាស់ ឬយ៉ាងណា។ ពួកគេមិនគួរពិនិត្យ ដោយយោងទៅតាមច្បាប់ថ្មីដោយមិនគិតពីផលប៉ះពាល់នោះទេ។
លោក U Ye Min Oo អ្នកនាំពាក្យរបស់គណៈកម្មាធិការត្រួតពិនិត្យអគារដែលមានហានិភ័យខ្ពស់បានមានប្រសាសន៍ថា ការកែប្រែច្បាប់នេះគឺគ្រាន់តែចង់ពិនិត្យមើលថាតើ គម្រោងទាំងនោះត្រឹមត្រូវតាមផែនការក្រុង ដែលបានព្រាងឡើង ឬទេ ខណៈដែលច្បាប់នេះត្រូវបានប្រកាសជាសាធារណៈរួចរាល់ហើយនោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ទៀតថា គណៈកម្មាធិការនេះក៏កំពុងតែពិចារណាចំពោះផលប៉ះពាល់ទៅលើគម្រោងក្រុងដូចជា គេហដ្ឋានក្នុងតំបន់ ការស្ទះចរាចរណ៍ និងបរិស្ថានជាដើម។
លោកបានមានប្រសាសន៍ថា យើងកំពុងតែត្រួតពិនិត្យស្តង់ដារបច្ចេកទេសនៃអគារទាំងនោះ ហើយនឹងផលប៉ះពាល់ទៅលើទីក្រុង។ ប្រសិនបើគម្រោងទាំងនោះទំនងជាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រុងនោះ យើងនឹងប្រាប់ពួកគេឲ្យធ្វើការផ្លាស់ប្តូរ។
កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះបានមានប្រសាសន៍ថា ពួកគេចង់បន្តសាងសង់ ក្រោមលិខិតអនុញ្ញាតិដើម ហើយមិនចង់កាត់បន្ថយ ឬវាយរំលំចំនួនជាន់នោះទេ។ ពួកគេបានមានប្រសាសន៍ថា ពួកគេនឹងព្យាយាមទៅជួបនឹងសមាជិកសភាដើម្បីទាមទារតាមលិខិតអនុញ្ញាតដើមរបស់រដ្ឋាភិបាលចាស់៕
ដោយ៖ រ័ត្ន