ភ្នំពេញ៖ គេហទំព័រសម្តេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦បានផ្សព្វផ្សាយថាៈ «យើងទាំងអស់គ្នាប្រាកដជាចាំបានថា លោកតាធាក់ស៊ីក្លូអាយុ ៨៩ ឆ្នាំម្នាក់នេះបានតស៊ូធាក់ស៊ីក្លូ ដើម្បីជីវិតរស់នៅចុងក្រោយរបស់លោកតាផង និងដើម្បីចៅប្រុសផង ទោះបីមានវ័យចំណាស់ដល់ថ្នាក់ នេះក៏ដោយ។ ដោយសារការតស៊ូអំណត់ព្យាយាមខិតខំជួយខ្លួនឯង ទើបលោកតាត្រូវបានទទួលការ អាណិតពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសទទួលបានក្តីស្រឡាញ់និងសណ្តោសពីសម្តេចតេជោ។
នេះជាផ្ទះរបស់ លោកតា ពុត សឿន អាយុ៨៩ ឆ្នាំ ដែលលោកតាប្រាថ្នាចង់បានផ្ទះរស់នៅសម្រាប់ជីវិត ចុងក្រោយ។ ផ្ទះនេះគឺស្ថិតនៅ ភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងសាងសង់សំរេចបានប្រមាណជា ៧០%ហើយ។ ផ្ទះនេះបានសាងសង់ពីដើមខែកក្កដា និងបញ្ចប់រួចរាល់នៅដើមខែ សីហា ២០១៦ ខាងមុខនេះ ដែលមានប្រវែង ៨ម៉ែត្រ x១២ ម៉ែត្រ បន្ទប់ធំមួយ មានអាងទឹក បន្ទប់ទឹកក្នុង និងតទៅក្រោយមួយទៀត ព្រមទាំងមានខឿន សងខាងផ្ទះផងដែរ ។
សូមអរគុណជនរួមជាតិដែលបានចូលរួមចំណែក និងសូមជូនពរលោកតា ពុត សឿន បានរស់នៅក្នុង ផ្ទះថ្មីសុខសប្បាយ និងជួបប្រទះតែសេចក្តីសុខគ្រប់ៗពេល» ៕
ដោយ៖ សុវណ្ណារ៉ា