ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ មានប្ដីប្រពន្ធ២នាក់ យកក្រពើ១ក្បាលមកលែងនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយករណីនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន បានស្នើអ្នកដែលបានលែងជួយយកទៅវិញ។
ជាមួយគ្នានេះ បើសិនជាអ្នកលែងមិនយកទៅវិញទេ លោកបណ្ឌិត ជេត ជាលី ក៏បានស្នើរកអង្គការ ឬអ្នកដែលមានជំនាញខាងចិញ្ចឹមសត្វក្រពើ ជួយយកក្រពើនេះទៅវិញផង ខណៈវាកំពុងត្រូវបានចាប់យកទៅរក្សាទុក។ លោកបណ្ឌិត បានឱ្យដឹងថា អ្នកលែងគឺជាប្តីប្រពន្ធមួយគូ ហើយពេលសន្តិសុខសួរ ពួកគាត់កុហកថា ជាសត្វត្រកួត ប៉ុន្តែដោយសារមិនទុកចិត្ត សន្តិសុខបានចាប់ទុក ទើបដឹងថា ជាសត្វក្រពើ។
លោកបណ្ឌិតសាកលវិទ្យាធិការ បានបញ្ជាក់ថា «ជារឿងគ្រោះថ្នាក់ និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថា ការដោះលែងសត្វឲ្យមានជីវិត និងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត»។
លោកបណ្ឌិតបានអរគុណ និងកោតសរសើរបងប្អូនសន្តិសុខ ដែលបានទប់ស្កាត់ទាន់ពេលទង្វើដ៏គ្រោះថ្នាក់នេះ និងស្នើឱ្យមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ៕