កម្លាំងទាហានជើងទឹក ជើងគោក ជើងអាកាសចិនចាប់ផ្ដើមធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា យោធាចិន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te ស្បថចូលកាន់តំណែងជាផ្លូវការ និងអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមទាំងផ្នែកយោធា និងនយោបាយ។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាទីបញ្ជាការប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន PLA បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅម៉ោង ៧ៈ៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅផ្នែកខាងជើង ខាងត្បូង និងខាងកើតកោះតៃវ៉ាន់ រួមទាំងក្នុងតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ផងដែរ។ អ្នកនាំពាក្យយោធាចិន លោក Li Xi បានប្រាប់ Xinhua ថា ការធ្វើសមយុទ្ធនេះគឺជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពផ្ដាច់ខ្លួននៃកងកម្លាំងទាមទារឯករាជ្យសម្រាប់តៃវ៉ាន់ ហើយក៏ជាសារព្រមានមួយប្រឆាំងការលូកលាន់និងបង្ករឿងពីកងកម្លាំងខាងក្រៅផងដែរ។
ជាមួយគ្នានោះដែរ តៃវ៉ាន់ បានថ្កោលទោសសមយុទ្ធយោធារបស់ចិនដោយចាត់ទុកថាជាការបង្ករឿងដោយគ្មានហេតុផល។ «ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្ករឿងគ្មានហេតុផល និងសកម្មភាពដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់…ហើយយើងបានបញ្ជូនកងកម្លាំងអាកាស ជើងទឹកនិងជើងគោកដើម្បីឆ្លើយតប…ដើម្បីសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យរបស់សាធារណរដ្ឋចិន (តៃវ៉ាន់)»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។
ការធ្វើសមយុទ្ធយោធារបស់ចិន ធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai Ching-te បានស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី កាលពីថ្ងៃទី២០ ខែឧសភា ជាមួយការអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមលើតៃវ៉ាន់។ ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់៕ ដោយធីរីណា

...

រូប​ថត​:plo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print