ខេត្តកណ្ដាល៖ បុរស២នាក់ជាងបងប្អូនបង្កើតនឹងគ្នាបានឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបើកម៉ូតូឌុបគ្នាបោះពួយធ្លាក់ចូលទៅក្នុងទឹកការដ្ឋានសាងសង់ស្ពានលេខ៩ ហៅស្ពានព្រែកមេស្រុក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ។
...
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តួ ស៊ីនឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ (ជាអ្នកបើកបរម៉ូតូ) មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ម្នាក់ទៀតឈ្មោះ តួ មិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ (ជាអ្នករួមដំណើរ) មានទីលំនៅភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្កកណ្ដាល ។ ជនរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា ជិះម៉ូតូម៉ាកហុងដា គុបមូល ធុនសេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខធ.៦៦៩១–ភ.ព១ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូចេញផ្ទះនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ក្នុងគោលបំណងឆ្ពោះទៅលេងផ្ទះបងប្រុសឈ្មោះ ណាត នៅឯឃុំសិត្បូ ស្រុកស្អាង ។ ពេលទៅដល់ជនរងគ្រោះទំនងជាសេពគ្រឿងស្រវឹងជាមួយបងប្អូន រហូតដល់វេលាយប់ជ្រៅថ្ងៃដដែលទើបជិះម៉ូតូត្រឡប់មកផ្ទះនៅឯឃុំព្រែកគយវិញ ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះជិះមកដល់ចំណុចកើតហេតុជនរងគ្រោះបាត់បង់ម្ចាស់ការ បើកម៉ូតូបោះពួយយ៉ាងលឿនមិនបើកតាមផ្លូវវាងបែរជាបើកទៅមុខត្រង់ ទើបបណ្ដាលឲ្យធ្លាក់ចូលក្នុងទឹកការដ្ឋានសាងសង់ស្ពានឈ្លក់ស្លាប់ទាំង២នាក់តែម្ដង ។
ករណីនេះពុំមានប្រជាពលរដ្ឋណាម្នាក់បានដឹងថា ជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹកការដ្ឋានសាងសង់ស្ពាននោះទេ ពោលគឺបានត្រឹមតែឮសម្លេងមិនមានអ្នកណាចាប់អារម្មណ៍ លុះព្រឹកឡើងទើបមានប្រជាពលរដ្ឋដើរប្រទះឃើញសាកសពជនរងគ្រោះ ។ ពាក់ព័ន្ធករណីនេះក្រុមគ្រួសារមិនបានប្ដឹងផ្ដល់អ្វីឡើយ គ្រាន់តែសុំម៉ូតូនិងសាកសពជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ
...