ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនលោកយាយចិត្តភ្លើងកំណាចវាយដំធ្វើទារុណកម្មលើចៅស្រីបង្កើត ដោយប្រើអំពើហិង្សារហូតដល់មានស្លាកស្នាម ពេញក្បាល ដងខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីធ្វើការសាកសួរទៅលើជនរងគ្រោះជាចៅស្រីរបស់ជីដូនលោកយាយចិត្តខ្មៅ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្ទះជនរងគ្រោះថា មានជីដូនចិញ្ចើមចៅស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវបានលោកយាយវាយធ្វើបាបស្ទើររាល់ថ្ងៃ និងប្រើអំពើហិង្សារហូតបណ្តាលឲ្យចៅស្រីមានរបស់ស្នាម ពេញក្បាល និងដងខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងរំដោះក្មេងស្រីរងគ្រោះមកមន្ទីរពេទ្យ។
តាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជីដូនដែលត្រូវជាលោកយាយចៅស្រីជនរងគ្រោះបានវាយធ្វើបាបចៅ ដោយប្រើអំពើហិង្សាស្ទើររាល់ថ្ងៃ និងបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលចម្លើយរបស់ក្មេងស្រីរងគ្រោះទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនលោកយាយចិត្តខ្មៅវាយធ្វើបាបចៅស្រីបង្កើតខ្លួនឯងរហូតមានរបួសស្នាមពេញខ្លួនមកកងរាជាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុវណ្ណារ៉ា