ខេត្តបាត់ដំបង៖ កម្មករផលិតស្បែកជើងជាង ២០០នាក់ក្នុងរោងចក្រឈ្មោះថា អ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំង បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅសាលាស្រុកសំពៅលូន បន្តទៀត ដែលបាតុកម្មតវ៉ាមិនចូលធ្វើការងារបានអូសបន្លាយជិតមួយខែមកហើយគេមិនឃើញមានការដោះស្រាយជូនដល់កម្មករទាំងនោះនៅឡើយទេ។
ការអូសបន្លាយពេលវេលាយូរគ្មានដំណោះស្រាយជូនដល់ក្រុមកម្មករបែបនេះត្រូវគេមើលឃើញថា បង្កឲ្យប៉ះពាល់ជីវភាពរស់នៅរបស់កម្មករជាខ្លាំងគ្មានថវិកាបង់ថ្លៃផ្ទះជួល បង់ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗជាដើមនោះ ។ ការវ៉ានោះកម្មករក៏ទាមទារឲ្យរោងចក្រគោរពសិទ្ធិការងារ ឧបត្ថម្ភប្រាក់ឲ្យបានគ្រប់គ្រាន់ តាមគោលការណ៍ច្បាប់ ។ កម្មករក៏បានចោទប្រកាន់ថៅកែរោងចក្រជនជាតិថៃថា បានរំលោភសិទ្ធិការងារធ្ងន់ធ្ងរមកលើពួកគាត់និងមិនគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រសួងការងារដោះស្រាយវិវាទការងារឲ្យភាគីរោងចក្រទទួលកម្មករចូលធ្វើការងារវិញក៏ប៉ុន្តែភាគីរោងចក្របដិសេដ្ឋមិនទទួលយកម្មករទាំងនោះឲ្យចូលធ្វើការងារវិញនោះឡើយ។
ការធ្វើបាតកម្មទាមទារតវ៉ានៅសាលាស្រុកសំពៅលូន ពីសំណាក់កម្មករខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សុំឲ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហាជូនពួកគាត់ធ្វើយ៉ាងណាជម្រុញឲ្យថៅកែរោងចក្រគោរពសិទ្ធិការងារ។
ប៉ុន្តែអាជ្ញាធរស្រុកដែលមានលោក ជា សម្បត្តិ អភិបាលស្រុក បានចេញមកជួបកម្មករនោះដែរ ប៉ុន្តែត្រូវគេមើលឃើញថា អភិបាលស្រុកមិនអាចជួយអន្តរាគមន៍រកដំណោះស្រាយជូនកម្មករបាននោះទេ។ លោកអភិបាលស្រុកបញ្ជាក់យ៉ាងខ្លីថា លោកគ្មានលទ្ធភាពដោះស្រាយបាននោះទេ វាហួសដែនសមត្ថកិច្ចរបស់លោកគឺមានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះមានតួនាទីភារកិច្ចដោះស្រាយ។ លោកលើកឡើងទៀតថា ការដោះស្រាយផ្សះផ្សាពីក្រុមប្រឹក្សាអាជ្ញាកណ្តាលរវាងគូភាគីទាំងពីរមិនអាចឯកភាពត្រូវគ្នានោះឡើយ។
ទន្ទឹមមានការតវ៉ានោះដែរគេសង្កេតឃើញមន្រ្តីនៃមន្ទីរការងារខេត្តបាត់ដំបងបានចេញមកប្រជុំដោះស្រាយជាមួយកម្មករ ប៉ុន្តែគេមិនឃើញមានវត្តមានខាងភាគីរោងចក្រចូលរួមនោះទេ។ កិច្ចប្រជុំនោះគឺត្រូវបានកម្មករអះអាងមិនសង្ឃឹមថា ទទួលបានលទ្ធផលនោះទេកិច្ចប្រជុំជាច្រើនលើកច្រើនសារមិនចេញជាសាច់ការអ្វីនោះទេ។
ជុំវិញនៃការចោទប្រកាន់របស់កម្មករថា ថៅកែរោងចក្រជនជាតិថៃរំលោភសិទ្ធិការងារធ្ងន់ធ្ងរគឺអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីភាគីរោងចក្របាននោះទេ ព្រោះគ្មានវត្តមានចូលរួមដោះស្រាយ និងគ្មានលេខទូរស័ព្ទទំនាក់ទំនង។
សូមរំលឹកថា រោងចក្រផលិតស្បែកជើងអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរ ធ្លាប់រងការចោទប្រកាន់ពីកម្មករថា បានគាបសង្កត់និងបង្ខំឲ្យពួកគាត់ធ្វើការងារថែមម៉ោងគ្មានពេលឈប់សម្រាកបើទោះបីជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏មិនឲ្យសម្រាកនោះដែរ ។ បើសិនកម្មករណាហ៊ានឈប់សម្រាកគឺប្រឈមនិងការដេញចោល។ ការធ្វើការងារច្រើនម៉ោងនោះហើយធ្វើឲ្យកម្មករមួយចំនួនតែងរងការដួលសន្លប់ជាបន្តបន្ទាប់កាលពីកន្លងទៅនោះ៕
ដោយ៖ សំ វិច្ឆិកា