ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”។
លោកអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ នៅទីព្រះស្រែ នៃវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ ប៉ុន្តែឆ្នាំខ្លះ ក៏ប្រារព្ធធ្វើនៅតាមបណ្តាខេត្តដែរ។ ជាក់ស្តែងនៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅទីព្រះស្រែ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយដ៏សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ស្ថិតនៅក្នុងចំណោមពិធីផ្សេងៗទៀតជាច្រើនប្រចាំឆ្នាំ ដែលត្រូវបានចាត់ចូលជាព្រះរាជពិធីបុណ្យទ្វាទសមាស។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សងមើលអំពីប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ម្យ៉ាងទៀតដើម្បីជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សា ពោលគឺរដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត សូមគោរពជូនពរដល់ពុកម៉ែ បងប្អូនប្រជាកសិករខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវភោគផលល្អក្នុងការធ្វើស្រែចំការ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖តារា