ភ្នំពរញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨៥ភាគរយ ។ តាមប្រថ្នូល ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ នឹងទទួលបានផលច្រើន ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ៕