ភ្នំពេញ ៖ ទូតបង់ក្លាដែស ភ្ញាក់ផ្អើលពេលឃើញការអភិវឌ្ឍដ៏ខ្លាំងរបស់កម្ពុជា ព្រោះលោក ធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែលកម្ពុជាជួបប្រទះការលំបាកខ្លាំង ។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ។
លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានថ្លែងដូច្នេះ ក្នុងពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
សម្ដេចតេជោ បញ្ជាក់ថា សម្តេច និងប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង ។ សន្តិភាពបែបនេះ មិនធ្លាប់មានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំ ចុងក្រោយនេះ៕