ខេត្តបាត់ដំបង៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ ៥នាក់ ពីបទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានក្រុមក្មេងទំនើងចំនួន០៥នាក់ បានធ្វើសកម្មភាពប្រដាប់ដោយ កាំបិតសាំម៉ូរៃចំនួន០១ដើម,ដុំថ្មចំនួន០៤ដុំ និងដំបងដើរចូលសំដៅទៅបន្ទប់ជួលរបស់ប្រជាពលរដ្ឋ រួចបានធ្វើសកម្ម ភាពធាក់ទ្វារ និងយកដុំថ្មគប់ទៅលើបន្ទប់របស់ជនរងគ្រោះព្រមទាំងយកកាំបិតសាំម៉ូរ៉ៃកាប់ទ្វារបន្ទប់ជួលបណ្តា ឲ្យខូចខាត។
ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ក្រុមក្មេងទំនើងទាំង០៥រូប ពីបទ ធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធីដែល បទល្មើសនេះ អាចនឹងត្រូវបានផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ។
អយ្យការអមសាលាដំបូងខេត្តបាត់ដំបងសូមអំពាវនាវដល់អាណាព្យាបាលទាំងអស់យកចិត្តទុកដាក់អប់រំកូនចៅ ធ្វើជាពលរដ្ឋល្អ កុំប្រព្រឹត្តអំពើល្មើសនឹងច្បាប់ និងជៀសអោយឆ្ងាយពីក្រុមក្មេងទំនើងដែលនាំឲ្យមានទោសទណ្ឌ ដល់ខ្លួន។
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ប្តេជ្ញាអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ សាធារណៈ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាណាព្យាបាល មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ៖តារា