ភ្នំពេញ÷ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៍មាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយការបិទផ្សាយការប្រកាសលទ្ធបណ្តោះអាសន្នការ បោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ឆ្នាំ២០២៤ មាន « គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតចំនួន៥ បានទទួលបណ្តឹងចំនួន៧ ដែលគណបក្សនយយោបាយស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ » ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងរបស់គណបក្សនយោបាយលើបណ្តឹងទាំង៧ កំពុងតែដោះស្រាយជាបន្តបន្ទាប់ ក្នុងករណីតំណាងគណបក្សនយោបាយមិនទទួលយកចំពោះការសម្រេចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គជប ស្វាគមន៍ក្នុងការទទួលបណ្តឹង ដើម្បីដោះស្រាយជូនដល់គណបក្សនយោបាយបន្ថែមទៀត។
យោងតាមប្រតិទិនរបស់គ.ជ.ប.ក្នុងករណីមិនមានពាក្យបណ្តឹងប្តឹងនោះទេ គ.ជ.ប.នឹងរៀបចំការប្រកាសលទ្ធផលផ្លូវការ រួមទាំងអាសនៈ និងសមាសភាពដែលជាប់ជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ សម្រាប់អាណត្តិទី៤ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីរាយការណ៍បង្ហាញថា លទ្ធផលបណ្តោះអាសន្ន ឲគណបក្សប្រជាជនកម្ពុជាបាននាំមុខគេនៅតាមរាជធានីនិងគ្រប់ខេត្តទាំងអស់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ មានគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន៥គណបក្សនយោបាយ រួមមាន គណបក្សប្រជាជនកម្ពុជា,គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១ម៉ឺន១ពាន់៥៩៨ ស្មើ៩៩,៧៩ភាគរយ៕