ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក គួរ ឆាយ និង លោកស្រី ហុក កុសុម៉ា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ចើញចុះសួរសុខទុកកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ។
នាឱកាសនោះផងដែរលោកស្រីបានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀងយើងនេះផងដែរ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ ។ រីឯចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។
លោកស្រីក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល លោកគ្រូវ អ្នកគ្រូ ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល ចុងភៅចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល និងហូបបាយសាមគ្គីមូយពេលរួមគ្នា៕
ដោយ៖ សុវណ្ណារ៉ា