ខេត្តមណ្ឌលគិរី៖ សត្វដំរី១ក្បាល បានងាប់ ដោយសារជាប់អន្ទាក់របស់ព្រាន ប្រមាញ់សត្វព្រៃ ដោយករណីនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ជនសង្ស័យដើម្បីទទួលខុសត្រូវវំពោះមុខច្បាប់ ។ ករណីសត្វដំរី១ ក្បាលងាប់ ដោយសារជាប់អន្ទាក់នេះ បានកើតឡើង កាលពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងតំបន់ព្រៃការពារធម្ម ជាតិមួយ នៅចន្លោះស្រុកអូររាំង និងស្រុក កែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា សត្វដំរីដែល រងគ្រោះដោយសារជាប់អន្ទាក់ខាងលើនោះមានអាយុ ១ឆ្នាំប៉ុណ្ណោះ មានទម្ងន់ ប្រមាណជាង៣០០គីឡូក្រាម ហើយកូន ដំរីនោះទើបតែងាប់នៅព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ច និងមន្រ្តីបរិស្ថានបានព្យាបាលនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកើតហេតុសមត្ថកិច្ចនិងមន្រ្តីបរិស្ថានក៏បានស្វែងរកជនសង្ស័យដែលបានដាក់អន្ទាក់សត្វព្រៃដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។
តាមប្រភពឲ្យដឹងថា ករណីសត្វដំរីមួយក្បាលងាប់នេះក៏បណ្តាលមកពីការព្យាបាលរបស់មន្ត្រីជំនាញពាក់ព័ន្ធយឺតយ៉ាវផងដែរ ។ គួរបញ្ជាក់ថា សត្វដំរីនៅក្នុងប្រទេស កម្ពុជាត្រូវបានគេចាត់ទុកជាសត្វកម្រ ហើយ ត្រូវបានមន្ត្រីក្រសួងពាក់ព័ន្ធអភិរក្ស ។ នៅ ចំពោះមុខច្បាប់ជនណាដែលសម្លាប់សត្វដំរីត្រូវមានទោសធ្ងន់ទៀតផង ។ ទោះ បែបនេះក្តី កន្លងមកមានព្រានព្រៃសម្លាប់សត្វដ៏កម្រកើតឡើងបន្តបន្ទាប់តែពុំឃើញ អ្នកប្រព្រឹត្តមានទោសនោះទេ រហូតសត្វ កម្រខ្លះត្រូវគេបាញ់ដាក់លក់លើទីផ្សារ ក៏មាន ៕
ដោយ៖ សហការី