ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់កើតឡើងនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាការសម្រុកចូលនៃជនភៀសខ្លួនបានធ្វើឲ្យមនុស្សជាច្រើននឹកឃើញដល់ការទស្សន៍ទាយដ៏ស័ក្ដិសិទ្ធិរបស់លោកយាយ Vanga ថា អឺរ៉ុបត្រូវវិនាសកម្មនៅក្នុងឆ្នាំ២០១៦។
លោកយាយ Vanga កើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩១១ ស្លាប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៦ ។ លោកយាយរស់នៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេសប៊ុលហ្គារី ។ នៅពេលដែលលោកយាយមានអាយុ១២ឆ្នាំក៏ពិការភ្នែកក្រោយពេលទឹកជំនន់គួចទៅបាត់ ក្រោយមកគេរកឃើញលោកយាយនៅរស់ដេកលើគុំនរសំរាមដែលទឹកគួចទៅ។
តាំងពីពេលនោះមក លោកយាយ Vanga ក៏ចេះទស្សន៍ទាយពីជោគវាសនាមនុស្ស និងពិភពលោក ពេលមានអាយុ១៦ឆ្នាំ រហូតដល់អាយុ៣០ឆ្នាំក៏មានភាពល្បីល្បាញលើពិភពលោក។ អ្វីដែលគួរឲ្យគត់សម្គាល់នោះគឺ មេដឹកនាំហ្វាស៊ីត ហ៊ីត្លៃ ក៏ធ្លាប់ទៅឲ្យលោកយាយទស្សន៍ទាយផងដែរ។
ការទស្សន៍ទាយរបស់លោកយាយស្តីពីតំបន់អឺរ៉ុបនៅក្នុងឆ្នាំ២០១៦
លោកយាយបានទស្សន៍ទាយត្រូវរហូតដល់៧០ភាគរយពីព្រឹត្តិការធំៗលើពិភពលោកដូចជាការលិចនាវាមុជទឹក Krush, ការផ្ទុះឡើងនៃសង្គ្រាម, សកម្មភាពវាយប្រហារភេរវកម្ម ១១កញ្ញា នៅអាមេរិក ,ការបង្ហាញខ្លួនរបស់ក្រុមអ៊ិស្លាមជ្រុលនិយម។
អ្វីដែលគួរឲ្យភ័យខ្លាចនាពេលនេះគឺការទស្សន៍ទាយពីអឺរ៉ុបថា នៅក្នុងឆ្នាំ២០១៦ អឺរ៉ុបទទួលរងការវិនាសកម្ម ។មនុស្សជាច្រើនបានចាត់ទុកថា ការទស្សន៍ទាយទាំងនោះកំពុងក្លាយទៅជាការពិត ។ ពេលនេះក្រុមភេរវកម្មកំពុងតែបង្កើនការវាយប្រហារនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាជនភៀសខ្លួនចូលទៅកាន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះសហគមន៍អឺរ៉ុប អាចប្រឈមនិងការបែកបាក់ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប ។
ការបង្ហាញខ្លួនរបស់ក្រុមអ៊ិស្លាម IS និងការជះឥទ្ធិពលនៃជនភៀសខ្លួនចូលទៅកាន់អឺរ៉ុបបានបង្ករការភ័យខ្លាចដល់ប្រជាជនអឺរ៉ុបទាំងមូល។ ដោយសារតែក្រុមភេរវករបានបន្លំខ្លួនជាមួយជនភៀសខ្លួនដើម្បីវាយប្រហារនៅអឺរ៉ុប ដូចជាការវាយប្រហារនៅក្នុងប្រទេសបារាំង ប៊ែលហ្ស៊ីក អាល្លឺម៉ង់ និងទួរគី ជាច្រើនផងដែរ។
បើទោះជាមានការយាមល្បាតយ៉ាងតឹងរឹងតែបែបណាក៏ដោយ ក្រុមភេរវករនៅតែមានឱកាសវាយប្រហារនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺកន្លែងទីប្រជុំជន។ ការវាយប្រហារដោយគ្រាប់រំសេវអាចត្រូវប៉ូលិសដឹង ភេរវករក៏បង្វែរវាយប្រហារតាមរយៈការបើករថយន្តបុករះនៅក្នុងទីក្រុង Nice ប្រទេសបារំាង នាពេលកន្លងមកបានសម្លាប់មនុស្សយ៉ាងច្រើន។ នេះជាការវាយប្រហារតាមបែបថ្មី ហើយក្រុមអ្នកឯកទេសជឿជាក់ថា អាចនិងមានការវាយប្រហារថ្មីៗជាច្រើនទៀតកើតឡើង៕
ប្រែសម្រួល៖ ម៉ែវ សាធី