សមាគមសិល្បករខ្មែរដាក់ចេញផែនការសកម្មភាព ៥ចំណុច ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖  “ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអាណាព្យាបាលជំនាញ ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ សមាគមសិល្បករខ្មែរ មានចក្ខុវិស័យក្នុងការ រួបរួមគ្នារបស់សិល្បករខ្មែរដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ” ។  នេះជាការថ្លែងរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា ៖ ដើម្បីឱ្យសម្រេច បាននូវចក្ខុវិស័យនេះ សមាគមបានដាក់ចេញផែនការសកម្មភាពសម្រាប់អាណត្តិទី ៦ ចំនួន ៥ចំណុច ក្នុងនោះរួមមាន៖

ទី១. លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួក គាត់ជាកំលាំងស្នូល ។

 ទី២. កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវ សិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការ គាំទ្រនូវឆាកអន្តរជាតិ ។ 

ទី៣. ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុង គោលបំណងផ្តល់ឳកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និង ទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និង អាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។ 

ទី៤. បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។ 

ទី៥. សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាល មានដូចជា កាកបាទក្រហម សភាពសហព័ន្ធយុវវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្តធីតាជាដើម។

 អ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងពីការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរក្នុងអាណ្ណតិទី ៦ ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា “នេះពិតមែនតែធំធេងអាចលើសអំពីសមត្ថភាព និងលទ្ធភាពបច្ចុប្បន្ន ក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្ត បន្ទាប់ ព្រោះសមាគមមានជំនឿជាក់ទៅលើសមាជិកនៃក្រុមប្រឹក្សាភិបាលដែលមានសមាសសភាពមកពីអន្តរវស័យ ពាក់ព័ន្ធ គណកម្មការប្រតិបត្តិ និង ទីប្រឹក្សាល្អៗជាច្រើនរបស់សមាគមដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងមាន ឆន្ទៈរួមដូចគ្នា ព្រមទាំងមានសមាជិកសិល្បករជាច្រើនដែលជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ជាពិសេសទៀតនោះ សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជាច្រើនដែលបន្តជួយគាំទ្រដើម្បីជួយ ឱ្យសមាគមសិល្បករខ្មែរ អាចបំពេញបេសកកម្មដ៏ធំធេងជូនជាតិ និងរាជរដ្ឋាភិបាល។ 

សូមរម្លឹកថា ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង៩៣%។ 

នៅទីបំផុត សមាគមសិល្បករខ្មែរ បានរកឃើញប្រធានថ្មីនៅអាណត្តិទី៦ គឺបានទៅលើ  អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានធ្វើការបោះឆ្នោតប្រកួតប្រជែង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនាក់ ក្នុងនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%។

នៅក្នុងថ្ងៃបោះឆ្នោត គេបានដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតនេះ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ ប៉ុន្តែបេក្ខភាពដែលជាប់ជាប្រធាន គឺអ្នកឧកញ៉ា ម៉ៅ ចំណាន។

ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា ទី១ សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឈន៍និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ។

បន្ថែមពីនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ពីការ ពិនិត្យមើលលទ្ធភាពការបណ្តាក់ទុនពីអ្នកមានធនធាន គាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

គួរឱ្យដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្តង។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មីកាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរដែលមានលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាបច្ចុប្បន្ន ក៏បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print