ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សិល្បករខ្មែរច្រើនរាប់មិនអស់ គ្រប់ជំនាន់ បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ទេពកោសល្យ រហូតពេញមួួយជីវិតរបស់ខ្លួន ដើម្បីការពារកេរ្តិ៍មរតកដូនតាគ្រប់ទម្រង់ឱ្យបានល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក» ។
សម្តេចធិបតី បានថ្លែងបន្តថា ៖ សិល្បករខ្មែរបានបំផុសគំនិតច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈ វប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរ ជាមួយធម្មជាតិដែលមាននៅតាមចម្លាក់នានានៅតាមប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាការលម្អនៃការរស់នៅរបស់ប្រជាជនឱ្យកាន់តែលេចធ្លោឡើង តាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ និងទម្រង់ក្បាច់បុរាណជាច្រើន ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរឱ្យនៅដិតដាមជានិច្ចកាលក្នុងស្មារតី និងក្នុងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់ៗរូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបង្កើតមូលនិធិមួយ ដើម្បីជួយជ្រោមជ្រែងជំរុញ និងអភិរក្សសិល្បៈដែលរងនូវហានិភ័យ ឬប្រឈមនឹងការបាត់បង់។ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនី រួមគ្នាឲ្យបានខ្លាំងក្លា ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កន្លងមកបានខិតខំធ្វើកិច្ចការងារជាច្រើន ប៉ុន្ដែដោយសារតែមានកត្តាមួយចំនួនរួមមាន កត្តាទីផ្សារ ការមិនចាប់អារម្មណ៍ពីសាធារណជន បានធ្វើឲ្យមានហានិភ័យមួយចំនួន។ ដូច្នេះដើម្បីពិនិត្យលទ្ធភាពលើកត្តាទាំងនេះ ខ្ញុំបានសម្រេចបង្កើតមូលនិធិមួយរបស់ខ្ញុំ ដើម្បីចូលរួមជាមួយការអភិរក្សនូវសិល្បៈទម្រង់ ដែលមានហានិភ័យខ្ពស់ ដើម្បីបន្ដថែរក្សាបន្ដទៅទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះដើម្បីជំរុញលើកទឹកចិត្ត ផ្ដល់លទ្ធភាព ជាពិសេសផ្ដោតលើទម្រង់ដែលផ្ដល់ហានិភ័យ ហើយចំពោះទម្រង់ដែលអាចរីកចម្រើនបាន ទម្រង់សិល្បៈដែលរស់រវើក យើងនឹងខិតខំជំរុញច្នៃប្រឌិតបន្ដទៀត ប៉ុន្ដែទម្រង់ដែលផ្ដល់ហានីភ័យបាត់បង់ ឬទម្រង់ខ្លះដែលត្រូវបានបាត់បង់ មួយរយៈខ្លីដូចល្ខោនស្រមោលទ័យ ត្រូវសិក្សាស្រាវជ្រាវ ចង់ក្រងឡើងវិញ ដើម្បីធ្វើយ៉ាងណាចង់ក្រងទុកផ្សព្វផ្សាយ ដល់យុវជនជំនាន់ក្រោយបានស្គាល់ ៕