ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21st China-ASEAN Expo” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និង អ្នកផ្តល់សេវាកម្មទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ដោយទទួលបាន ជោគជ័យជាបន្តបន្ទាប់លើការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានចំនួន ២០លើក រួចមកហើយកាលពីពេល កន្លងទៅ ក្រសួងពាណិជ្ជកម្មសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូ ពាណិជ្ជកម្មទៅរៀបចំចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21 China-ASEAN Expo” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំង២ចង់បាន ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូម អញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចាប់ដៃគូពាណិជ្ជកម្មថ្មីជាមួយ ពាណិជ្ជករចិន និងអាស៊ាន សូមរៀបចំដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើន កុះករ។ ក្រសួងនឹងចាប់ទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាមរយៈអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ [email protected]/[email protected]/[email protected]៕ដោយ៖តារា