ខេត្តសៀមរាប ៖ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោក សម្រាប់ទស្សនាព្រះអាទិត្យរះ។
យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ» ។
សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើនបានទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលចំនួននេះច្រើនកុះករ។
តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅក្នុងឆ្នាំកន្លងទៅកើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។ ដ្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដាលកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង។
ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះ ពិតជាបង្ហាញយ៉ាងច្បាស់ ពីភាពជោគជ័យ របស់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ទេសចរ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៤ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញា នឹងកើតមានម្ដងទៀត។
អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕