សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាល់ឡុងប្រមាណ ៦០០បាល់ឡុងថែមទៀត ដែលផ្ទុកទៅដោយសំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង កាលពីវេលាយប់កន្លងទៅ។
យោធាកូរ៉េខាងត្បូងបានប្រាប់ថា បាល់ឡុងរាប់រយខាងលើ ដែលផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និងប្លាស្ទិក ជាដើម ត្រូវបានប្រទះឃើញ នៅពាសពេញរដ្ឋធានីសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនបាល់ឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាមព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមកខាងកូរ៉េខាងត្បូងផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap គណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងនឹងជួបប្រជុំនារសៀលថ្ងៃអាទិត្យនេះដើម្បីពិភាក្សាថា តើគួរតែបន្តការប្រើប្រាស់ឧបករណ៍បំពងសំឡេងបាញ់ជះដាក់ទៅកូរ៉េខាងជើងឡើងវិញដែរឬក៏យ៉ាងណា ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្ហោះបាល់ឡុងសំរាមទាំងនេះ។ កូរ៉េខាងត្បូងបានបញ្ឈប់យុទ្ធនាការឃោសនា ដោយប្រើឧបករណ៍បំពងសំឡេងបែបនោះ នៅព្រំប្រទល់អន្តរកូរ៉េ កាលពីឆ្នាំ២០១៨ ក្រោយពីមានជំនួបកំពូលដ៏កម្រជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕ ដោយធីរីណា
រូបថត:Baomoi