បុគ្គលិកបោះឆ្នោតឥណ្ឌា៣៣នាក់ បានស្លាប់នៅថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោត ដោយអាកាសធាតុក្តៅខ្លាំង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤បានផ្សាយថា មន្រ្តីបោះឆ្នោតជាន់ខ្ពស់ម្នាក់នៅប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា បុគ្គលិករៀបចំការបោះឆ្នោត៣៣នាក់បានស្លាប់ នៅថ្ងៃចុងក្រោយ នៃដំណើរការបោះឆ្នោតសកល ដោយសារអាការសន្លប់ព្រោះតែកម្តៅក្តៅខ្លាំង ឬហៅថា heatstroke ហើយនេះគឺក្នុង​រដ្ឋតែមួយប៉ុណ្ណោះ។

ការស្លាប់នៃបុគ្គលិកបោះឆ្នោតរាប់សិបនាក់ ក្នុងពេលត្រឹមតែមួយថ្ងៃខាងលើ គឺស្របពេលដែលកន្លងមកនេះ មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ជាប​ន្តបន្ទាប់ដោយសារតែរលកកម្តៅ ចំពោះមុខសីតុណ្ហភាពលើស​៤៥អង្សាសេ នៅតាមតំបន់ជាច្រើន ក្នុងប្រទេសឥណ្ឌា។ លោក Navdeep Rinwa ប្រធានមន្រ្តីបោះឆ្នោត ប្រចាំនៅរដ្ឋ Uttar Pradesh ភាគខាងជើង ជាទីដែលការបោះឆ្នោតក្នុងជុំទី៧ ដែល​ជាជុំចុងក្រោយ និងបានបិទបញ្ចប់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រាប់ថា បុគ្គលិកសរុប៣៣នាក់ នៅតាមមណ្ឌលបោះឆ្នោតក្នុងរដ្ឋនេះ បានបាត់បង់ជីវិត ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ បើតាមលោក Rinwa ថវិកាសរុប១៨,០០០ដុល្លារ នឹងត្រូវបែងចែកឱ្យទៅគ្រួសារជនរងគ្រោះ ដើម្បីជាការជួយឧបត្ថម្ភ។

អាកាសធាតុក្តៅក្នុងកម្រិតខ្ពស់នៅប្រទេសឥណ្ឌា គឺមិនមែនជារឿងចម្លែកអ្វីឡើយ ប៉ុន្តែការសិក្សាស្រាវជ្រាវបានរកឃើញថា កត្តាប្រែប្រួលអាកាសធាតុ កំពុងតែបង្កឱ្យបាតុភូតរលកកម្តៅកាន់តែមានរយៈពេលយូរ ញឹកញាប់ ហើយក្តៅខ្លាំងជាងពេលមុន។ ដោយឡែក នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ត្រូវគេមើលឃើញថា ទំនងជានឹងបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ៣អាណត្តិជាប់ៗគ្នា បន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ ក្រោយបានដំណើរការអស់រយៈពេលប៉ុន្មានខែមកនេះ។ លទ្ធផលបោះឆ្នោតនឹងត្រូវ​ប្រកាសជាផ្លូវការ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print