ខេត្តបន្ទាយមានជ័យៈជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំស្តង់ជ្រូក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សុខ ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ពយ វុធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់) ។ ក្នុងប្រតិបត្តិការនោះកម្លាំង បានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៩ថង់កិប ទម្ងន់ ២០,៧៩ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៦ថង់កិប ស្មើនឹង ១៦០គ្រាប់ ទម្ងន់ ១៨,៧៦ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ខ្មៅ), ថង់សម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនពេលបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ រហូតដល់ចំណុចខាងលេីកម្លាំងបានប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀន ហើយកម្លាំងបានដេញតាមរហូតដល់បន្ទប់ជួល ក៏ប្រទះឃើញជនសង្ស័យម្នាក់ទៀត កំពុងតែប្រើប្រាស់គ្រឿងញៀន ហើយបានធ្វេីការឃាត់ខ្លួនទាំង២នាក់ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនតែម្តង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនយកមកទុកលក់ និងទុកប្រេីប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា