សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានព្រឹទ្ធសភាចិន ជំរុញអ្នកទេសចរ និងវិនិយោគចិន មកកម្ពុជាបន្ថែមទៀត

ចែករំលែក៖

បន្ទាប់ពីបានធ្វើដំណើរដល់សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាពភ្លាមៗ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលជួបសម្តែងការគួរសមជាមួយ លោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេសចិន (ប្រធានព្រឹទ្ធសភា)។

...

នៅក្នុងជំនួបនេះ ភាគីទំាងពីរបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេសទំាងពីរ ពិសេសប្រវត្តិនៃចំណងមិត្តភាព កម្ពុជា-ចិន ជាចំណងមិត្តភាព ដែលបានកើតមានតំាងពីយូរមកហើយ គឺនៅពេលដែលកម្ពុជា ដឹកនាំដោយ អតីតព្រះប្រមុខ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំកំពូលចិន គឺលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្រ្តី ជូ អេនឡាយ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលឃើញមរតក នៃទំនាក់ទំនងប្រទេសទំាងពីររឹងមាំ ជាលំដាប់ ហើយបានឈានដល់កម្រិតកំពូលគឺ «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលបាននិងកំពុងទទួលផលជាផ្លែផ្កាលើច្រើនវិស័យ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅលើទឹកដីប្រទេសចិនជាមិត្ត នៅពេលនេះគឺសំដៅបន្តពូនជ្រុំរឹតបន្តឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានស្រាប់។ សម្តេចមានសង្ឃឹមជឿជាក់ថា រដ្ឋសភាកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត។

លោក យូ ហ្សេងសេង (Yu Zhengsheng) បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចក៏ដូចជាគណៈប្រតិភូទំាងអស់នៅលើទឹកដីប្រទេសចិន។ លោកបានបន្តថាក្នុងការពង្រឹងពង្រីកស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ គឺរដ្ឋសភាកម្ពុជានិងចិន គួរតែជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កម្រិត។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការបន្តបោះជំហានទៅមុខយ៉ាងលេចធ្លោលើគ្រប់វិស័យក្នុងប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ របស់ប្រទេសចិនដែលធ្វើឲ្យកិត្យានុភាពសាធារណរដ្ឋប្រជាមាននិតចិន នៅលើឆាកអន្តរជាតិ ត្រូវបានកោតស្ញប់ស្ញែង ហើយការរីកចម្រើនសេដ្ឋកិច្ចនៃមហាមិត្តចិន ពិតជាបាននាំមកនូវភាពប្រសើរឡើងដល់សេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍ ដែលមានកម្ពុជាជាដើម។

ឆ្លៀតឱកាសសម្តេចប្រធានរដ្ឋសភា បានស្នើចំពោះ លោក យូ ហ្សេងសេង និងសហការី ជួយជំរុញផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជាជនចិន ឲ្យមកធ្វើទេសចរណ៍កំសាន្ត និងធ្វើវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសូមថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានយកចិត្តទុកដាក់ថែទំាព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវរាជមាតាជាតិ ខ្មែរដោយវេជ្ជបណ្ឌិតល្បីៗរបស់ចិន៕

3

43

1

2

5

6

ដោយ៖ នាយកដ្ឋានព័ត៌មាន

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print