ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះផ្អាកសំណង់មួយកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងក្រុម៩ ក្នុងភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលលួចសាងសង់ពុំមានសុំច្បាប់សាងសង់ ពីអាជ្ញាធរថ្នាក់ណាទាំងអស់ ។
អ្នកស្រី ស៊ន សាវឿន ជាមេភូមិថ្មគោល សង្កាត់ចោមចៅ បានអោយដឹងថាម្ចាស់ទីតាំងដែលសាងសង់អត់ច្បាប់នឿឈ្មោះ ងួន ចាន់សុធី ភេទប្រុស ជាមន្រ្តីយោធាហើយកន្លងមកកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងអាជ្ញាធរភូមិ ចុះទៅសាកសួរ និងសូមឲ្យផ្អាកជាបណ្តោះអាសន្ន បែជា ម្ចាស់សំណង់ និងសាច់ញាតិ ដែលអួតតាំងខ្លួន មានបណ្តាស័ក្តជាឧត្តមសេនីយ៍ ចេញមុខមកកាង ប្រមាថគម្រាមបាញ់មេភូមិចោល ។ ទោះជាហាម មិនទាន់ឲ្យសាងសង់ ដោយសុំច្បាប់ជាមុនសិន តែដោយម្ចាស់ទីតាំង ជាមន្រ្តីយោធា ស័ក្តខ្ពង់ខ្ពស់ តែគ្មានកិត្តិយស គ្រាប់តែច្បាប់សាងសង់ មិនបានសុំ បន្តលួចសាងសង់ដដែល រហូតមកដល់ រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អភិបាលរង មន្រ្តីជំនាញ ចុះទៅ ផ្អាក សកម្មភាពសាងសង់វិញម្តង ចាំមើល លោកឧត្តមសេនីយ៍ គម្រាមបាញ់ចោលទៀតអត់ ? ខណៈដែលកន្លងមក លោកឧត្តមសេនីយ៍ គម្រាមទាំងអ្នកសារព័ត៌មានទៀតផង ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សំណង់កំពុងសាងសង់ថ្មី មានម្ចាស់ជាមន្រ្តីយោធា ហើយមានសាច់ញាតិ ជាអ្នកធំ ចេញមុខមកកាង សំណង់អត់ច្បាប់ ទោះជាកន្លងមក អាជ្ញាធរ មូលដ្ឋាន ធ្លាប់បានចុះសាកសួរ និងសូមឲ្យផ្អាកជាបណ្តោះអាសន្ន ម្តងរួចមកហើយដែរ តែម្ចាស់ទីតាំងមិនខ្លាចនិងគម្រាមបាញ់មេភូមិចោល ។ ទើបពេលនេះ អាជ្ញាធរថ្នាក់ខណ្ឌវិញម្តង ដែលចុះទៅ ផ្អាកសកម្មភាពសាងសង់ រងចាំ ម្ចាស់ ទីតាំង សុំច្បាប់ជាមុន ទើបអនុញ្ញាតឲ្យសាងសង់វិញ ។
ក្នុងសកម្មភាព ចុះផ្អាកសំណង់ខាងលើ ត្រូវបានម្ចាស់ទីតាំង មិនព្រមទទួលស្គាល់ នូវសំណង់ របស់ខ្លួនឯងដែលសង់អត់ច្បាប់ទៀត ហើយមិនបាន ផ្តិតមេដៃទទួលខុសត្រូវ ចំពោះមុខ លោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញឡើយ សង្ស័យ អាងសាច់ញាតិជាអ្នកធំ ។ ដោយឡែកអាជ្ញាធរ បានត្រឹមដកហូតសម្ភារសំណង់មួយចំនួន រួចត្រឡប់ទៅវិញ ៕
ដោយ៖ សុខាសែនជ័យ