ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍ គឺរឿង “កំណត់ហេតុនាងនាថ” មិនទាន់នឹងធ្វើការដាក់បញ្ចាំងជាផ្លូវការផង ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ផលិតកម្មនេះបានបញ្ចេញឈុតខ្លីៗ (Trailer) ជាលើកដំបូងកាលពីថ្មីៗនេះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមុនពេលការចាកបញ្ចាំងជាផ្លូវការនៅចុងខែសីហាខាងមុខ។
គេចាំបានថាខ្សែភាពយន្តខ្នាតធំ “កំណត់ហេតុនាងនាថ” បានរៀបចំពិធីក្រុងពាលីបើកការផលិតខ្សែភាពយន្តខាងលើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦។ តារាសម្តែងបង្ហាញម៉ូត និងពិធីករ កញ្ញា ណាតាហ្សា និងមានវត្តមានតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនទៀតចូលរួមសម្តែងផងដែរ។
ជាមួយនឹងការចុចចូលមើលរូបភាព និងការចែករំលែករូបថតសិល្បករសម្តែងក្នុងខ្សែភាពយន្តនេះកាន់តែច្រើនរហូតដល់រាប់ម៉ឺននាក់បានធ្វើឲ្យមានការរំពឹងថារឿង ”កំណត់ហេតុនាងនាថ” អាចនឹងផ្ទុះចេញការគាំទ្រខ្លាំងពីសំណាក់អ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុននៅពេលខាងមុខ។ ឈុតខ្លីៗត្រឹមតែរយៈពេលមួយនាទីកាន់តែទាក់ទាញបានការចាប់អារម្មណ៍ខ្ពស់ពីទស្សនិកជន។
អ្នកនិពន្ធ និងដឹកនាំរឿងវ័យក្មេងលោក ចាន់ ណារ៉ូណាន់ បានបញ្ជាក់ថា កន្លងទៅនេះ លោកពិតជាមានការភ្ញាក់ផ្អើលគ្រាដែលលោកបានបង្ហោះត្រឹមរូបថត ដែលជាឈុតឆាកនៃការសម្តែងនេះមួយចំនួនប៉ុណ្ណោះគឺទទួលបានការគាំទ្រច្រើនលើសលុប។ អ្វីដែលកាន់តែធ្វើឲ្យលោករំភើបនឹងរំពឹងថា ខ្សែភាពយន្តកាន់តែជោគជ័យព្រោះតែខ្សែវីដេអូខ្លីអំពីឈុតឆាកមួយចំនួនរបស់រឿងនេះកាន់តែធ្វើឲ្យអ្នកគាំទ្រស្នាដៃដឹកនាំសម្តែងរបស់លោកមានអារម្មណ៍ពុះកញ្ជ្រោលចង់មើលខ្លាំងឡើង។ លោកថា គ្រាន់តែការបង្ហោះវីដេអូខ្លីភាពមានអ្នកចូលទស្សនារាប់ម៉ឺននាក់ជាមួយនឹងការសរសើរមិនដាច់ពីមាត់។ អ្នកដឹកនាំរឿងវ័យក្មេងរូបនេះបញ្ជាក់ដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅចុងខែសីហាខាងមុខនេះ បន្ទាប់ពីការកាត់តទើបនឹងរួចរាល់ចប់សប់គ្រប់កាលពីប៉ុន្មានថ្ងៃមុននេះ។ លោកបញ្ជាក់ថា លោកពិតជាមានការរំពឹងខ្ពស់ជាមួយខ្សែភាពយន្តនេះ ព្រោះតែទាំងការនិពន្ធសាច់រឿងថ្មីប្លែក ការដឹកនាំ បច្ចេកទេស ប្លង់ និងទិដ្ឋភាពទេសភាពត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រាកដថាវាគឺជាខ្សែភាពយន្តដែលលេចធ្លោរសម្រាប់ចុងឆ្នាំនេះ។ លោកបន្តថារហូតមកដល់ពេលនេះខ្ទង់ចំណាយនៃការផលិតបានឡើងដល់ប្រមាណជាង៦ម៉ឺនដុល្លារហើយអាចនឹងកើនឡើងដល់ប្រមាណជាង៧ម៉ឺនដុល្លារទើបរួចរាល់។ លោកបញ្ជាក់ថា ក្រោយដាក់បញ្ជាំងនៅភ្នំពេញនិងខេត្តសៀមរាបលោកក៏គ្រោងនឹងធ្វើការដាក់បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើនទៅតាមសំណូមពររបស់អ្នកគាំទ្រផងដែរ។
អ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយពីសម្ពោធដាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តរឿង ”កំណត់ហេតុនាងនាថ” នេះ ផលិតកម្ម លោកក៏នឹងចាប់ផ្តើមចេញផលិតខ្សែភាពយន្តទីពីររបស់ខ្លួនបន្តទៀតគឺរឿង ”សរសរក្រឡោង” ផងដែរ ៕
ដោយ៖ វឌ្ឍនា