ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដែលស្ថិតនៅប្លុកបឹងកក់ ក្រោយស្ថានទូតបាំរាំង ជាលទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រីបាន៩នាក់ក្នុងនោះមានស្រីម្នាក់ ម្សៅក្រាមពណ៌សថ្លា២៨កញ្ចប់តូច រួមទាំងសម្ភារប្រើប្រាស់សម្រាបជក់គ្រឿងញៀនមួយចំនួនធំផងដែរ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្ទះលេខ៦៥ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីបង្ក្រាបខាងលើនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ថោង ពិសិដ្ឋ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថក្រុងបានស្រាវជ្រាវនៅ ប្លុកបឹងកក់ ដែលសមត្ថកិច្ចតែងតែចុះបង្រ្កាបស្ទើរតែរាល់ថ្ងៃនៅមិនទាន់អស់នោះ ជាក់ស្តែងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៦៥ ក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ គឺកម្លាំងអាវុធហត្ថខណ្ឌចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំងអស់ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ចំណែកឯវត្ថុតាងចាប់យកមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន២៨កញ្ចប់, ដបសម្រាប់ជក់ ចំនួន៥, ដាវ១ដើម, ថង់ច្រក មួយចំនួន, ទូរស័ព្ទ ចំនួន២គ្រឿង ។
ក្រោយប្រតិបត្តិការជនសង្ស័យទាំង៩នាក់រួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា