ភ្នំពេញ៖ យុវជនម្នាក់ និងនារី២នាក់ជិះម៉ូតូឌុបគ្នា គេចពីក្មេងស្ទាវពីរនាក់ ដកកាំបិតដេញកាប់ពីក្រោយបណ្ដោយឲ្យជ្រុលទៅបុកជាមួយរថយន្ដកាមរីបាឡែនរងរបួសបែក មុខបែកមាត់ទាំង៣នាក់ ចំណែកជនបង្កគេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-0141 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរ៉ាម្រឹត ទិសដៅពីកើតទៅលិច ពេលមកដល់ជិតរូបសំណាក់សម្ដេចតា ស្រាប់តែមានម៉ូតូឌ្រីមសង់មួយគ្រឿង មិនចាំស្លាកលេខ ជិះគ្នា២នាក់ មកពីក្រោយហើយដកកាំបិតបំរ៉ុងកាប់ទៅលើពួកគេ ។
ប្រភពដដែលបានបន្តថា ពេលដែលឃើញភាគីម្ខាងដកកាំបិតកាប់មកលើខ្លួន ពួកគេក៏បានបន្ថែមល្បឿនជិះគេចខ្លួន តែពេលមកដកល់រង្វង់មូលវិមានឯករាជ្យ ក៏ជ្រុលទៅបុកជាមួយរថយន្ដកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7278 ដែលធ្វើដំណើរស្របទិសគ្នា ចំពីចំហៀងរថយន្ដបណ្ដាលឲ្យដួលបោក ទៅនឹងថ្នល់រងរបួសទាំង៣នាក់ ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះបានតេទូរស័ព្ទហៅមិត្តភក្តិឲ្យមកជួយដឹកពួកគេទៅមន្ទីរពេទ្យ ហើយក៏បានសម្របសម្រួល ជាមួយម្ចាស់រថយន្ដ ដោយព្រមសងថ្លៃខូចខាតទៅឲ្យម្ចាស់រថយន្ដផងដែរ ៕
ដោយ៖ ព្រែកជ័យ