ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាក ភូស្សា ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករទេះអូសសំរាមខណៈដែលកម្មករស៊ីនទ្រីកំពុងអូសឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងទាំងសងខាង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងមុខមន្ទីរពេទ្យ ព្រះកេតុមាលា តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងបានមកឈប់នៅកន្លែងកើតហេតុ ហើយមានកម្មករម្នាក់បានរុញរទេះដែលមានរំរាមពេញឆ្លងផ្លូវដើម្បីយកសំរាមទៅដាក់លើរថយន្ដ។ ប្រភពបានបន្តថា ពេលដែលកំពុងឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក ភូស្សា ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ1FC-6133 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងទាំងសងខាង ចំណែកម៉ូតូអូសជិត១០ម៉ែត្រ។
ក្រោយកើតជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
គួរបញ្ជាក់ថាដែរថា ករណីគ្រោះថ្នាកលចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងស្ថានភាពផ្លូវមានភាពងងឹតផងនោះទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ៕
ដោយ៖ ព្រែកជ័យ