ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប ទីតាំងហាង សំណាងល្អ ម៉ាស្សា កោសជប់ មួយកន្លែង ដែលមានយីហោ ហេងរហូត បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស១០នាក់នៅវេលាម៉ោង៧និង៣០យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ផ្ទះលេខ១៦៩Eo ផ្លូវលេខ៤៣០ ស្ថិតក្នុងភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ព្រមទាំងដឹកនាំសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ទីតាំងខាងលើមាន បង្កប់សេវាបម្រើផ្លូវភេទ ជ្រកក្រោមយីហោ សំណាងល្អ ម៉ាស្សា កោសជប់ ដែលស្ថិតនៅផ្ទះកើតហេតុខាងលើ ក៏ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ចុះមកស៊ើបអង្កេតនៅទីតាំងខាងលើបានយ៉ាងច្បាស់លាស់ ហើយក៏បានសុំគោលការណ៍ពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកឆែកឆេររហូតដល់ឃាត់ខ្លួនបានមនុស្ស១០នាក់ ក្នុងនោះស្រី៩នាក់និងប្រុសម្នាក់ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-6301 រថយន្ត១គ្រឿងម៉ាក KIA VISTO ពាក់ស្លាកលេខ ភ្នំពេញ 2Z-6362 ស្រោមអនាម័យប្រើប្រាស់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដើម្បីសួនាំចាត់ការតាមនីតិវិធី ៕
ដោយ៖ ស រស្មី