សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត​ ក្នុងខេត្តកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
-សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងថា​ កំពង់ផែពហុបំណងកំពត ត្រូវបានចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀត​នៅកម្ពុជា និងជាកំពង់ផែដ៏ទំនើបដែលមានស្រាប់ ព្រមទាំងជួយបំពេញបន្ថែម​ឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វ័យ័តភ្នំពេញ។

-សម្តេចធិបតី ថ្លែង​ថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកគ្រប់បែបយ៉ាងសម្រាប់កម្ពុជា។

-សម្តេចធិបតី ថ្លែង​ថា ដើម្បីឲ្យប្រទេសជាតិមួយរីក ចម្រើនគឺមិនមែនយករាជធានី ឬខេត្តណាមកប្រកួតប្រជែងគ្នានោះទេគឺត្រូវរួមគ្នាធ្វើ ខណៈខេត្តនីមួយៗគឺ មានសក្តានុពលច្រើន ដូចជាខេត្តកំពតជាដើម គឺពេលនេះគឺមានកំពុងមានកំពង់ផែដែលវានឹងបម្រើឲ្យមានការលូតលាស់ផ្នែកភស្តុភារ ក្នុងការដឹកជញ្ជូនភស្តុភារកម្ម។

-សម្តេចធិបតី ថ្លែង​ថា ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាជម្រើសដ៏ល្អសម្រាប់ប្រទេស ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹកនេះ វាដឹកបានច្រើនហើយវាមានតម្លៃសមរម្យទៅទៀត។

-សម្ដេចធិបតី​ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមគាំទ្រ ទាំងគោល​គំនិត និងស្មារតី ដល់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីការរីកចម្រើនឈានទៅមុខ​ដោយរលូននៃការប្រែក្លាយប្រទេសជាតិ និងចូលរួមបន្តគាំទ្រដោយជឿទុកចិត្ត​ទៅលើរាជរដ្ឋាភិបាលដែលធ្វើដើម្បីបុព្វហេតុជាតិ។

-សម្តេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា មិនផ្តល់នូវអាជ្ញាប័ណ្ណឱ្យបើកក្រុមហ៊ុន កាស៊ីណូនៅក្នុងក្រុងកំពត និងកែបឡើយ លើកលែងតែនៅបូកគោ។

-សម្តេចធិបតី បានគូសបញ្ជាក់ថា អ្នកចង់បើកកាស៊ីណូ សូមទៅបើកនៅតំបន់ជាយព្រំដែន ឬនៅក្នុងខេត្តព្រះសីហនុ ដែលនៅមិនឆ្ងាយប៉ុន្មានពីខេត្តកំពត និងខេត្តកែប។ ផ្ទុយទៅវិញ សម្តេចធិបតី បានប្រកាសស្វាគមន៍ចំពោះការចង់បើកអាជីវកម្មផ្សេងៗក្រៅពីកាស៊ីណូនៅក្នុងខេត្តកំពត និងខេត្តកែប។

-សម្តេចធិបតី​ ថ្លែង​សង្កត់​ធ្ងន់​ថា រាជរដ្ឋាភិបាលនឹងមិនចេញអជ្ញាបណ្ណឲ្យបង្កើតបនល្បែងកាស៊ីណូបន្តទៀតនោះទេ សម្រាប់ក្រុងខេត្តកំពត ប៉ុន្តែនឹងមានការលើកទឹកចិត្តឱ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។

-សម្តេចធិបតី ថ្លែង​បញ្ជាក់សារជាថ្មីថា​ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ តែម្ដង។

-សម្ដេចធិបតី ថ្លែងថា​ បើស្រឡាញ់ជាតិពិតប្រាកដ ចង់បានឯករាជ្យ ភាពក្នុងវិស័យដឹកជញ្ជូន ចង់ឃើញស្នាដៃប្រវត្តិសាស្ត្ររបស់អ្នកជំនាន់នេះ សូមរួមគ្នាជាកម្លាំងជាតិ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា។

-សម្ដេចធិបតី​ ក៏បានថ្លែងអំពាវនាវដល់បុគ្គលមួយចំនួន តូច សូមកុំបង្កការរាំងស្ទះដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលបម្រើដល់ផលប្រយោជន៍ជាតិ ទាំងស្រុង។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណាដែលមានបំណងធ្វើវិទ្ធង្សនា ធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកនេះ។

-សម្ដេចធិបតី​ សម្រេចមិនអនុញ្ញាតឱ្យមានការសាងសង់ព្រលានយន្តហោះនៅកំពតនោះឡើយ ដោយសារមានព្រលាននៅខេត្តព្រះសីហនុរួចហើយ និងបញ្ជៀ សការចំណាយមិនសមស្រប។

-សម្តចធិបតី ថ្លែងថា ដើម្បីឱ្យប្រទេសកម្ពុជា​ក្លាយជាប្រទេសដែលមានជីវភាពចំណូលកម្រិតខ្ពស់ទាល់តែចំណូលរបស់ខេត្តនីមួយៗ​ក៏ដូចជារាជធានីខេត្តនីមួយៗបូកបញ្ចូលគ្នាហើយខេត្តនីមួយៗមានចំណូលកម្រិតខ្ពស់មានន័យថាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីខេត្តនីមួយៗមានចំណូលកាន់តែកើនឡើងទើបធ្វើឱ្យប្រទេសក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សូមជម្រាបជូនថា​ កំពង់ផែពហុបំណងកំពតនេះ មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាត ឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំសរុប២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

បេីយោង​តាមរបាយការណ៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា​ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា ដែលមាន​បង្គោលចងពួរសម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការ ពារ​ការប៉ះទង្គិច​នាវា ការសាងសង់ទីលានកុងតឺន័រ ឃ្លាំងស្តុក​ទំនិញ​​ អគារត្រួតពិនិត្យទំនិញ ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំង​ប៉ុស្តិ៍យាម​ហ៊ុមព័ទ្ធ​ដោយ​របងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋ​បាល​កម្ពស់៣ជាន់ សម្រាប់ជាការិយាល័យបំពេញ​ការ​ងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោ​ប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹកផងដែរ។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកាសាងសង់​សរុប​ប្រមាណ ១៤០ លាន​ដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុម​ហ៊ុន​កំពតផត។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុ​ញ​សេដ្ឋ​កិច្ច​កម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម​ទៀត​របស់កម្ពុជាដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

...

បន្ថែមពីនេះ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណង​កំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់​ប្តូរ​នាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់​សហរដ្ឋ​អា​មេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ ជាដើម៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print