ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានធ្វេីការឃាត់ខ្លួនក្មេងទំនេីងពីរក្រុមដែលមានគ្នា០៨នាក់ ពាក់ព័ន្ធករណីប្រេីហិង្សាដោយចេតនា (វាយកាប់គ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូនកាំបិតកែច្នៃ) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន ទទួលបាននាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ។
គួរបញ្ចាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧ៈ៥០នាទី នៅក្នុងវិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូនកាំបិតកែច្នៃ) បង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម សរុប០៨នាក់រួមមាន ៖
ទី១.ឈ្មោះ ជា រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដកហូតវត្ថុតាងកូនកាំបិតកែច្នៃ០១ដើម ។ ទី២.ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់) ។ ទី៣.ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់) ។ ទី៤.ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់) ។ ទី៥.ឈ្មោះ ស្រ៊ន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់) ។ ទី៦.ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក) ។ ទី៧.ឈ្មោះ តេង អង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក) ។ ទី៨.ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក) បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បង្កឱ្យមានភាពជ្រួលច្របល់នៅក្នុងសាលារៀន (មិនមានរបួសទេ)។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះទៅដល់កន្លែងកើតហេតុនិងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើ រួមទាំងដកហូតវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
សូមបញ្ចាក់ផងដែរថា ករណីនេះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស មិនលេីកលែងដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលបង្ករការអុកឡុកតាមសាលារៀន ឬទីសាធារណៈ ដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម គឺត្រូវតែអនុវត្តតាមផ្លូវច្បាប់មិនមានការលេីកលែង ឡើយ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សទាំងពីរភេទ ខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ៕ដោយ ៖ ភារ៉ា ដង្កោ