ខេត្តក្រចេះ៖ សាកសពមន្ត្រីជលផលក្រចេះ ត្រូវបានក្រុមមន្ត្រីឆ្មាំទន្លេនិងមន្ត្រីជលផល ប្រទះឃើញអណ្តែតទឹកមកទើរនៅចំណុចប្រមៀលបាក់ ក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។ ហើយការរកឃើញសាកសពនេះ ត្រូវបានមន្ត្រីជលផលអះអាងថា ក្រោយពីមន្ត្រីជលផលរូបនេះ បានបាត់ខ្លួនអស់២ថ្ងៃ២យប់រួចមក ដោយសារខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ ។
សាកសពលោក ឡេ សុខឡេង អាយុ៣២ឆ្នាំមានមុខងារជានាយសង្កាត់រដ្ឋបាលជលផលសំបូរ និងជាប្រធានប៉ុស្តិ៍ អភិរក្សឆ្មាំទន្លេ ត្រូវបានមន្ត្រីជលផលសន្និដ្ឋានថា បានស្លាប់ដោយសារលង់ទឹក នៅយប់ថ្ងៃទី២៤ ខែកក្កដា ខណៈដែលមន្ត្រីរូបនេះ រួមនឹងមន្ត្រី២នាក់ផ្សេងទៀត បានជិះទូកតូច១ចុះល្បាតតាមដងទន្លេនៅពេលយប់ ហើយក៏ជួបហេតុការណ៍អាក្រក់ ខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេ ហើយបានបាត់ខ្លួនតែម្តង ។
នាយរងខណ្ឌជលផលក្រចេះ លោក ម៉ុក ពន្លក បាននិយាយថា នៅយប់ថ្ងៃកើតហេតុ ថ្ងៃទី២៤ខែកក្កដា ខណៈដែលមន្រ្តីរូបនេះនិងមន្រ្តី២នាក់ផ្សេងទៀត បានជិះទូកចេញល្បាតដូចសព្វដង ហើយនៅពេលជិះឆ្លងទន្លេត្រឡប់មកត្រោយម្ខាងនៃស្រុកសំបូរ ក៏ជួបហេតុការណ៍ខ្យល់ព្យុះ វាយបក់ពន្លិចកូនទូកមួយគ្រឿងនោះ។ ហើយក្នុងហេតុការណ៍នោះ គឺមានមន្រ្តី២នាក់ផ្សេងទៀត បានរួចផុតពីការស្លាប់ ដោយសារពួកគេទាំង២នាក់ ស្រវ៉ាតោងក្បាលទូក ចំណែកឯជនរងគ្រោះបានពាក់អាវភ្លៀង និងបានបញ្ចាំងភ្លើងពិល ស្រែកឲ្យគេជួយនៅកណ្តាលទន្លេ ខណៈដែលខ្យល់បក់ខ្លាំង និងសភាពទឹកក៏ហូរខ្លាំងដែរនោះ ទើបមិនមាននរណាជួយទាន់។
លោកបន្តថា ក្រោយពីបាត់ខ្លួនមន្ត្រីជលផលរូបនេះ ក្រុមមន្ត្រីជលផលរួមនឹងមន្ត្រីឆ្មាំទន្លេ បានចេញទូកជាច្រើនដើម្បីរុករកតែរកមិនឃើញ រហូតមកដល់ព្រឹកថ្ងៃទី២៦ខែកក្កដានេះ ទើបឃើញសពហើមអណ្តែតទឹកទន្លេ មកទើរនៅចំណុចប្រមៀលបាក់ ក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ចម្ងាយពីកន្លែងកើតហេតុជាង១គីឡូម៉ែត្រ ។
លោក ម៉ុក ពន្លក បានបញ្ជាក់ថា ក្រោយពីរកឃើញសពខណ្ឌជលផលក្រចេះ រួមនឹងអង្គការមូលនិធិសាកលសម្រាប់អភិរក្សធនធានជាតិនៅកម្ពុជា ហៅកាត់ថា WWS ចាត់ចែងគ្រប់បែបយ៉ាង លើការជ្រំជ្រែង ដឹកសពមន្ត្រីជលផលលោក ឡេ សុខឡេង យកទៅស្រុកកំណើត នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ដោយ៖ កោះទ្រុង