ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ក្នុងដីឡូមួយកន្លែងនៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វា ដោយមិនទាន់ដឹងថា ករណីឃាតកម្ម ឬក៏ធ្វើអត្តឃាតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ។
...
ហេតុការនេះកើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូមួយកន្លែងនៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វា ស្ថិតនៅក្នុងក្រុម១ ភូមិ៣សង្កាត់-ខណ្ឌជ្រោយចង្វា។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ វ៉ាន់ ទី ហៅធា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ សេន រ៉ហីុម៉ាស់ អាយុ២៤ មុខរបរលក់ប្រហិត អ្នកពីរស្នាក់ជាមួយគ្នានៅផ្ទះលេខ២៤ ក្រុម២ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល អ្នកទាំងពីរមានកូនពីរនាក់ស្រី១ប្រុស១។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ប្តីរបស់គាត់បានចេញពីផ្ទះបាត់មិនដឹងទៅណា។ លុះព្រឹកឡើងស្រាប់តែមានបុរសម្នាក់មកប្រាប់ថា ប្តីរបស់គាត់បានស្លាប់ហើយនៅក្នុងដីឡូត៍មួយកន្លែង។
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបានទៅពិនិត្យនៅកន្លែងកើតហេតុ ហើយសុំសមត្ថកិច្ចនគរបាលមូលដ្ឋានយកសពមកធ្វើបុណ្យដោយមិនបានឲ្យសមត្ថកិច្ចធ្វើកោស្យវិច្ច័យនោះទេ តែសមត្ថកិច្ចបានប្រាប់ទៅក្រុមគ្រួសារវិញថា សមត្ថកិច្ចជំនាញត្រូវតែធ្វើកោសល្យវិច្ច័យលើសព ដើម្បីបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះដោយសារការធ្វើអត្តឃាតខ្លួនឯង ឬក៏ជាករណីឃាត្តកម្ម៕
ដោយ៖ ជ្រោយពេជ្រ
...