ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤នេះ វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា បន្តស្ទុះងើបឡើង វិញ ជាមួយនឹងអ្នកដំណើរចំនួន ២លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកម្ពុជា ពោលគឺបានកើនឡើង ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៣។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថាកាលពីពេលថ្មីៗនេះថា តួលេខដែលបានកើនឡើងនេះ គឺជាសក្ខីភាពមួយ ចំពោះការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជាពីជំងឺរាតត្បាតកូវីដ-១៩ និងឆ្ពោះទៅមុខប្រកបដោយមោទនភាព។
កាលពីឆ្នាំ២០២៣ ប្រទេសកម្ពុជា មានអ្នកដំណើរ តាមផ្លូវអាកាស កើនឡើងគួរឱ្យកត់សម្គាល់ ដោយបានស្វាគមន៍អ្នកដំណើរជាង ៥.១ លាននាក់ កើនឡើង ១១៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ដំណើរ ការក្នុងប្រទេសកម្ពុជា៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)។
ជាមួយគ្នានេះ មន្រ្តីអាកាសចរណ៍ស៊ីវិលឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះនហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។។ នៅឆ្នាំ ២០២៤នេះ កម្ពុជា នឹងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ ជាមួយជើងហោះហើរពីបណ្តាប្រទេសអាស៊ានចំនួន ៨ ចិន,កូរ៉េខាងត្បូង,ហុងកុង,តៃវ៉ាន់,កាតា និងអារ៉ាប់រួមដើម៕