ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»។
ក្នុងនោះបញ្ជាក់ថា ៖ សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»។
ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទង ទៅនឹង “សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។
សមាគមធនាគារនៅកម្ពុជា បានពន្យល់ពីការឆបោកថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះធនាគារណាមួយ ចម្លងរាល់មតិការដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាននោះ ហើយតភ្ជាប់ទំព័រហ្វេសប៊ុកក្លែងក្លាយ ដែលទើបតែបង្កើតទៅនឹងគេហទំព័ររបស់ពួកគេ (ឧ. http://khmersp.com/) ។
បន្ថែមពីនោះ ជនឆបោក ក៏បានក្លែងបន្លំជាបុគ្គលិក ធនាគារ ដោយចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី ។ ជនឆបោក នឹងណែនាំទៅ ជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅ CBC មុននឹងផ្តល់កម្ចី ឬដើម្បីហេតុផលណាមួយទៀត ។
ជាមួយគ្នានោះ ដើម្បីកត់សម្គាល់ពីករណីឆបោកខាងលើ សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់២ចំណុចដើម្បីដឹងថា កំពុងមានការឆបោក៖
១, ជាទូទៅទំព័រហ្វេសប៊ុកក្លែងក្លាយ ពុំមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគារ (Logo) ខុសប្លែក ពីរូបភាពដើមរបស់និមិត្តសញ្ញានោះ។
២, សំណេរនៅលើទំព័រក្លែងក្លាយ ជាទូទៅ តែងតែខុសវេយ្យាករណ៍ និងមានការផ្សាយពាណិជ្ជកម្មដដែលៗ។
ទន្ទឹមនឹងនេះ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈមេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នកដើម្បី បញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការ ណែនាំផ្សេងទៀត ។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងមិនសុំឲ្យ អតិថិជនរបស់ខ្លួនផ្តល់លេខ សម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕