ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការលើការងារអន្តោប្រវេសន៍ជាមួយភាគី អូស្ត្រាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ លោកអភិសន្តិបណ្ឌិត នឹងជួបជាមួយ លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអន្តោប្រវេសន៍, សញ្ជាតិ, និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនគរបាលសហព័ន្ធអូស្ត្រាលី ដើម្បី ពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញ ទៅមកលើការងារអន្តោប្រវេសន៍, សន្តិសុខសាយប័រ, និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕