ភ្នំពេញ ៖ សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ថា ៖ ក្មួយស្រី ម្នាក់ដែលមានបញ្ហាជើងមិនប្រក្រតីពីកំណើត (Leg length discrepacy) ដែលត្រូវប្រើរយៈពេលព្យាបាលយូរ និងច្រើនដំណាក់កាលចន្លោះ៦ឆ្នាំ ទើបជើងប្អូនស្រីមានភាពប្រសើរឡើងវិញ ក្មួយស្រី រស់នៅភូមិគ្រើល ឃុំអណ្ដពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ពុំមានលទ្ធភាពក្នុងការព្យាបាលវះកាត់ឱ្យមានសភាពធម្មតាឡើងវិញ។
សូមបញ្ជាក់ថា ៖ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានធ្វើការវះកាត់កែរជង្គង់ (Right knee valgus) ដែលដំណាក់កាលទី១ បានដោយជោគជ័យ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីដំណាក់កាលទី១ ជោគជ័យជាសះស្បើយ រយៈពេល ៤ខែក្រោយមកទើបធ្វើការព្យាបាលវះកាត់កែរចង្កេះ (Right hip dysplasia) របស់ក្មួយស្រីបន្តទៀត នៅមន្ទីរពេទ្យកុមារជាតិ។
ក្រោយពីវះកាត់រួចរាល់ដំណាក់កាលទី១ ដោយជោគជ័យ ម្ដាយរបស់ក្មួយស្រីមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ លើការការព្យាបាលវះកាត់ ស្នាក់នៅ ម្ហូបអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA ៕