ភ្នំពេញ ៖ គោលការណ៍ណែនាំអំពីការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។
អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រី គ្រប់លំដាប់ថ្នាក់ នៃសាខា ក.ប.ប. រាជធានី ខេត្ត ជ្រាបថា៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប. មានតួនាទី និងភារកិច្ចការពារសុខភាព សុខុមាលភាព និង ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយណាដែលមិនសុចរិត ក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិត។
អគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តតួនាទី និងភារកិច្ចខាងលើ ផ្អែកលើមូលដ្ឋានគាំទ្រនៃច្បាប់ចំនួន ៤ ដែលរួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពី កិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិជាធរមានជាច្រើន។ ដើម្បីធានាបាននូវការអនុវត្តតួនាទីនិងភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ឡើងវិញ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសាខា ក.ប.ប. រាជធានី ខេត្ត អនុវត្តឱ្យបានជាដាច់ខាតនូវគោលការណ៍ណែនាំដូចខាងក្រោម៖
១- កំឡុងពេលអនុវត្តភារកិច្ច មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
២- ក្នុងសកម្មភាពចុះត្រួតពិនិត្យទីផ្សារ ឬទីតាំងលក់៖
ក- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយតូចតាច ហើយ បទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការអប់រំណែនាំអំពីគោលការណ៍ នៃច្បាប់ និងទោសប្បញ្ញត្តិនានា ជំនួសឱ្យវិធានការពិន័យអន្តរការណ៍។
ខ- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយធំ ហើយបទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬការបាត់បង់ អាយុ ជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ ស្របតាមបែបបទនិង នីតិវិធី ដែលបានកំណត់ដោយប្រកាសអន្តរក្រសួងជាដាច់ខាត។
គ- ប្រសិនបើរកឃើញបទល្មើសណាមួយ ដែលបានបង្កឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬបង្កឱ្យមានពិការភាពឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ត្រូវអនុវត្តទណ្ឌកម្មដែលត្រូវបានបញ្ញត្តិដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
៣- មន្ត្រីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ ពិន័យ អន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស ត្រូវទទួលរងនូវទណ្ឌកម្មស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី យកចិត្តទុកដាក់ អនុវត្តតាមការណែនាំនេះ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ៕