ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែលទទួលបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីក្មេងទំនើង។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ៨០៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើង ដែលមានជនត្រូវចោទចំនួន ១៥ នាក់ (ឃាត់ខ្លួនបានចំនួន ៥ នាក់ មាន ១-ឈ្មោះ មាន ស៊ាវម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ រដ្ឋា ដារ៉ារ៉េត ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ អឿន មករា ភេទប្រុស អាយុ១៥ឆ្នាំ ៤-ឈ្មោះ ណាង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ និង ៥-ឈ្មោះ ពេជ្រ វីរៈឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ) ដោយកាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងទាំង ១៥នាក់ នេះ បាននាំគ្នាយកដុំថ្ម និងមួកសុវត្ថិភាព គប់ផ្ទះរបស់ ប្រជាពលរដ្ឋបណ្តាលឱ្យបែកកញ្ចក់បង្អួច និងឆ្លុះជញ្ជាំងតូបកាហ្វេ ព្រមទាំងយកដុំថ្មវាយ និងគប់ម៉ូតូរបស់ ឈ្មោះ រិទ្ធី រិន បណ្តាលឱ្យបែកកុងទ័រ។
ជនត្រូវចោទដែលត្រូវបានឃាត់ខ្លួនទាំង ៥នាក់ ខាងលើ និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ធ្វើ ឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ មាន ស៊ាវម៉ី, ឈ្មោះ រដ្ឋា ដារ៉ារ៉េត, ឈ្មោះ អឿន មករា, ឈ្មោះ ណាង វិសាល និងឈ្មោះ ពេជ្រ វីរៈឧត្តម ជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា