រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិ ជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ទេ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមកំណត់ហេតុប្រជុំ ស្តីពី ការជូនដំណឹងជួបជុំសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិ ជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ទេ ។

សូមបញ្ជាក់ថា ៖ នៅសាលារាជធានីភ្នំពេញ មានកិច្ចប្រជុំពិភាក្សាស្តីពីការជូនដំណឹងជួបជុំសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

សមាសភាពចូលរួមប្រជុំមានក្នុងបញ្ជីវត្តមានជូនភ្ជាប់។ ជាកិច្ចចាប់ផ្តើម លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន អង្គប្រជុំ បានមានប្រសាសន៍ស្វាគមន៍ចំពោះសមាជិក សមាជិកា នៃអង្គប្រជុំ និងបានជម្រាបជូនអង្គប្រជុំថា ដោយទទួលបានសេចក្តីជូនដំណឹងលេខ ០៨៦/២៤ គ.ក.ជ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការ ជួបជុំសម្តែងមតិដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យ ទើបរដ្ឋបាលរាជធានីភ្នំពេញ ជួបប្រជុំពិភាក្សាពីព្រោះ កន្លងមកគណបក្សកម្លាំងជាតិក៏បានស្នើសុំសម្តែងមតិម្តងរួចមកហើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សរបស់ខ្លួន។ ការជួបជុំថ្ងៃនេះខ្ញុំមានមតិចំនួន ០៣ចំណុច ទី១ ចំពោះការប្រមូលផ្តុំសម្តែង មតិនៅទីលានប្រជាធិបតេយ្យ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតជូនទេ ដោយរក្សានូវស្មារតីអង្គប្រជុំកាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងមក។ ទី២ ផ្អែកតាមការវិវត្តចុងក្រោយ ដោយមានលិខិតទទួលស្គាល់កំហុស របស់លោក ស៊ុន ចន្ទី ជូនរាជរដ្ឋាភិបាល វាហាក់ដូចជាផ្ទុយពីជំហររបស់គណបក្សដែលនៅតែបន្តស្នើសុំតវ៉ាដោះលែង។ ទី៣ យើងទាំងអស់គ្នាស្ថិតនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដែលយកការគោរពច្បាប់ជាគោលហើយការស្នើសុំនេះវាផ្ទុយ ទៅនឹងច្បាប់ដែលមានចែងជាធរមាន។

លោក ជិន ប៊ុណ្ណារ័ត្ន តំណាងប្រធានគណបក្សកម្លាំងជាតិ បានឆ្លើយតបទៅនឹងប្រសាសន៍របស់លោក ប្រធានអង្គប្រជុំថា យើងខ្ញុំសូមមិនទទួលយកការឆ្លើយតបរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយនឹងរាយការណ៍ជូន ថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែខ្ញុំសូមជម្រាបជូនថា កន្លងមកយើងបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សរួចហើយ ប៉ុន្តែកាលធ្វើនោះបានប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប្រជាពលរដ្ឋនៅជិតទីស្នាក់ការគណបក្ស។ ជាជំហរ របស់គណបក្សសូមលោកមេត្តាជួយ សម្របសម្រួល ដោយសារការជួបជុំនេះជាការជួបជុំស្នើសុំដោយសន្តិវិធី។ ក្នុងករណីដែលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតជូន ហាក់បីដូចជាតានតឹង ហើយការស្នើសុំធ្វើនេះគ្រាន់តែសុំសម្តែងមតិដោះលែងក្នុងនាមសមាជិក សុំជួយដោះលែងថ្នាក់ដឹកនាំតែប៉ុណ្ណោះ ខ្ញុំសូមលោកប្រធាន មេត្តា យោគយល់ទោះបីជាការធ្វើនេះតុលាការដោះលែង ឬមិនដោះលែងគឺជាសមត្ថកិច្ចរបស់តុលាការ។

លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រាបជូនថា ការជួបជុំសម្តែង មតិនេះ គឺផ្ទុយមាត្រា៩ វាក្យខណ្ឌទី២ នៃច្បាប់ស្តីពីការធ្វើការបាតុកម្មដោយសន្តិវិធី។ ចំពោះការអនុវត្តនីតិវិធីរបស់ តុលាការទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយគណបក្សកម្លាំងជាតិអាចរកមេធាវី ដើម្បី ការពារប្រយោជន៍បុគ្គល ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនេះ។

ក្រោយពីពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១- ចំពោះការស្នើសុំជួបជុំសម្តែងមតិនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យ គណបក្សកម្លាំងជាតិគោរពទៅតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងមក គឺមិនអនុញ្ញាតជូនទេ ដោយករណីនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ។

២- ក្នុងករណីគណបក្សកម្លាំងជាតិ មិនឯកភាពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គណបក្សកម្លាំងជាតិមានសិទ្ធិតវ៉ាទៅក្រសួងមហាផ្ទៃ អំពីការសម្រេចចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ។ អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោងប្រាំបួន និងសាមសិបនាទី នាថ្ងៃខែឆ្នាំដដែល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print