ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា និងបានបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានចេញប្រតិបត្តិបង្ការ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៣ករណី កាលពីថ្ងៃទី៩ និង១០ ខែមិថុនា ឆ្នាំ២០២៤។
ករណីទី១ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣៩នាទី ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ចុះបង្រ្កាបករណីរក្សាទុក ប្រេីប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះថ្មទុកចោលស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ឡាក់ ដុងឌីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់ ទម្ងន់០,៨២ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ១គ្រឿង ,ម៉ូតូ១គ្រឿង ,ធ្វេីតេស្តទឹកនោម អវិជ្ជះមាន( – ) ,ក្រោយមកសមត្ថកិច្ចក៏បានសួរចម្លេីយឈ្មោះ ឡាក់ ដុងឌីន បានសារភាពថាចំពោះថ្នាំញៀនចំនួន ៧កញ្ចប់ គឺឈ្មោះ យឹម សំរិទ្ធ ជាអ្នកប្រេីអោយខ្លួនយកមកឱ្យគេ។ សមត្ថកិច្ចបានបន្តនីតិវិធី។
ករណីទី២ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩ និង១០នាទី កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះមិត្តភ័ក្តរបស់ឈ្មោះ យឹម សំរិទ្ធ ស្ថិតនៅភូមិឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឈ្មោះ យឹម សំរិទ្ធ ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់០,៥១ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ២គ្រឿង ,ធ្វេីតេស្តទឹកនោមវិជ្ជមាន(+) ,ក្រោយមកសមត្ថកិច្ចក៏បានសួរចម្លេីយឈ្មោះ យឹម សំរិទ្ធ បានសារភាពថាចំពោះថ្នាំញៀនខាងលេីរូបខ្លួនបានទិញពីឈ្មោះ សុភ័ក្រ បន្ទាប់មកសមត្ថកិច្ចក៏បានបន្តនីតិវិធី។
ករណីទី៣ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ និង២៥នាទី កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី១នាក់) ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ ថុន សុភ័ក្រ ស្ថិតនៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ១-ឈ្មោះ ថុន សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(តេស្តទឹកនោមវិជ្ជមាន+), ២-ឈ្មោះ សំណាង ស្រីមាស ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធរបស់ឈ្មោះ ថុន សុភ័ក្រ ធ្វេីតេស្តទឹកនោម អវិជ្ជមាន(-), ៣-ឈ្មោះ ផាត់ សុភា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលាប សង្កាត់រលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់(តេស្តទឹកនោមវិជ្ជមាន+), ៤-ឈ្មោះ ចាន់ ឧត្តម ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះ ឃុំរលកសស្រុកសំពៅមាស ខេត្តពោធិ៍សាត់(តេស្តទឹកនោមវិជ្ជមាន+) និងវត្ថុតាងដកហូតនៅផ្ទះរបស់ឈ្មោះ ថុន សុភ័ក្រ រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ ទម្ងន់១១,៣៧ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ៥គ្រឿង ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ,សម្ភារៈជក់មួយកំប្លេរ ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ,កញ្ឆារក្រៀមចំនួន១កញ្ចប់ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន២ ,កាបូបតូចពណ៌ខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន១ ,កញ្ចប់បារីម៉ៃសេវេនសម្រាប់ដាក់ជញ្ជីងអេឡិចត្រូនិចចំនួន១កញ្ចប់។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា